លោកសាស្ត្រាចារ្យបណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) បានដឹកនាំគណៈប្រតិភូ ដើម្បីស្វែងយល់ពីសក្តានុពលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិសេសលើការអភិវឌ្ឍវិស័យឡូជីស្ទីកនៅកម្ពុជា។

យោងតាមហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) វិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ សកលវិទ្យាល័យ តូក្យូ និងវិទ្យាស្ថានឧត្តមសិក្សាជាតិ សម្រាប់ការសិក្សាគោលនយោបាយ (GRIPS), និងនាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារ JICA ។
កិច្ចពិភាក្សាខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ទៅលើការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជា ក៏ដូចជា ពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅនាពេលអនាគត នៃការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ។

សូមជម្រាបដែរថា ពាក់ព័ន្ធវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជានេះដែរ កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្ពុជា-ជប៉ុន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានប្រមាណ ១១៤ លានដុល្លាអាមេរិក សម្រាប់ដំណើរការគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។
កិច្ចព្រមព្រៀងដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន (ប្រមាណ១១៤ លានដុល្លារអាម៉េរិក)នេះ ត្រូវបានចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក SANUI Kazamasa ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជា។
គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា៕អត្ថបទ៖ហ្សាលីន




