នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩ 19th Asean Defence Minister’s Meeting (ADMM) នៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩នេះ មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិទាំង១១ប្រទេស និងអគ្គលេខាធិការអាស៊ាន។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus) លើកទី១២ តបតាមការអញ្ជើញរបស់លោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រោមប្រធានបទ «ការរួបរួមអាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព» កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិជាក់ស្ដែង ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងជាមួយប្រទេសបូក ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម៕








