លោក អ៊ុន ឃាង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាសម្រាប់យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលើកតម្ពស់សន្តិភាព និងស្ថិរភាពតំបន់ និងមិនត្រូវប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសផ្សេងឡើយ។

ការលើកឡើងបែបនេះរបស់លោក អ៊ុន ឃាង គឺនៅក្នុងឱកាសដែលលោកចូលរួមជាតំណាងរបស់កម្ពុជា ថ្លែងក្នុងសន្និសីទស្តីពីមហាសមុទ្រឥណ្ឌាលើកទី៩ ក្រោមប្រធានបទ «ការទទួលខុសត្រូវរួមគ្នាសម្រាប់អភិបាលកិច្ចមហាសមុទ្រឥណ្ឌា» ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមេសាឆ្នាំ២០២៦ នៅទីក្រុង Port Louis សាធារណរដ្ឋម៉ូរីស ដោយមានការចូលរួមពីរដ្ឋមន្រ្តី/អនុរដ្ឋមន្រ្តីនៃប្រទេសនានាជាង ៣០។
តាមការបញ្ជាក់របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងថ្នាក់ដឹកនាំផ្សេងទៀតបានលើកពីបញ្ហាដែលប្រឈមនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា និងស្នើឱ្យមានសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ពាក់ព័ន្ធនឹងដំណោះស្រាយនេះ លោករដ្ឋលេខាធិការ អ៊ុន ឃាង បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាសម្រាប់យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលើកតម្ពស់សន្តិភាព និងស្ថិរភាពតំបន់ និងមិនត្រូវប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសផ្សេងឡើយ ព្រមទាំងគោរពនូវមជ្ឈភាពអាស៊ាន រួមមានធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទន្ទឹមនឹងនោះ លោក អ៊ុន ឃាង ក៏បានគូសបញ្ជាក់ពីវិធានការនានារបស់កម្ពុជាដើម្បីពង្រឹងអភិបាលកិច្ចលំហសមុទ្រអន្តរជាតិ រួមមានការផ្តល់សច្ចាប័ននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនៅឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ ដែលសិទ្ធិ និងកាតព្វកិច្ចត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងអនុវត្តស្នើភាពគ្នា៕


