ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា គម្រោងកិច្ចសហប្រតិបត្តិការចំនួន៧នោះរួមមាន៖
១. សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល។
២. ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា-ដំណាក់កាលទី២។
៣. ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់ នៅក្នុងបណ្តា
ប្រទេសមេគង្គ-ឡានឆាង។
៤. គម្រោងលុបបំបាត់ជំងឺរលាកថ្លើម។
៥. ឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួល ភ្ញៀវទេសចរចិន។
៦. ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្តាប្រទេស អនុតំបន់មេគង្គ។
៧. ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និង កិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
គម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ
រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូលនិធិ ពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះដោយជោគជ័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានិងចិន ក្នុងកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្ដារប្រទេសសមេគង្គ-ឡានឆាងទាំងអស់៕




