ទីក្រុងតេអេរ៉ង់ថា លោក ត្រាំ ត្រូវបង្ខំចិត្តប្តូរយន្តហោះភ្លាមៗ ពីព្រោះខ្លាចឥទ្ធិពលរបស់អ៉ីរ៉ង់

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចំអកចំៗឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានរបាយការណ៍ថា លោកបានប្តូរយន្តហោះដោយសម្ងាត់ ដោយសារតែហានិភ័យសន្តិសុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយនៅថ្ងៃទី១៣ ខែសីហាថា ៖”លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវម្តងទៀត ហើយបានក្លាយជាប្រធានបទកំពូលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ រឿងអាស្រូវនេះកើតចេញពីការភ័យខ្លាចរបស់លោកចំពោះអំណាចយោធាអ៊ីរ៉ង់ រហូតដល់ចំណុចមួយដែលលោកត្រូវបង្ខំចិត្តប្តូរយន្តហោះដោយសម្ងាត់នៅពេលចាកចេញពីប្រទេសតួកគីកាលពីខែមុន”។

អ៊ីរ៉ង់ ក៏បាននិយាយបន្ថែមទៀតផងដែរថា ឧប្បត្តិហេតុនេះនឹងក្លាយជារឿងដ៏អាម៉ាស់ខ្លាំងបំផុត សម្រាប់មេដឹកនាំសហរដ្ឋអាមេរិក។

តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់រហូតមកដល់ពេលនេះ នៅមិនទាន់បានធ្វើអត្ថាធិប្បាយលើការប៉ាន់ស្មានថា ពួកគេមានបំណងកំណត់គោលដៅលើយន្តហោះ Air Force One ឬប្រធានាធិបតី លោក ត្រាំ នៅក្នុងខែកក្កដានៅឡើយនោះទេ។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា សេវាសម្ងាត់បានទទួលការព្រមានថា យន្តហោះដែលដឹកប្រធានាធិបតីអាមេរិកអាចត្រូវបានវាយប្រហារដោយមីស៊ីលបាញ់លើស្មា នៅពេលដែលលោកចាកចេញពីកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។ ហើយជាមួយគ្នានោះ កាសែត New York Times ដោយដកស្រង់ប្រភពព័ត៌មានដែលបានជូនដំណឹង បានរាយការណ៍ថា មន្ត្រីអាមេរិកមានការព្រួយបារម្ភថា អ៊ីរ៉ង់ដឹងច្បាស់ថា លោក ត្រាំ កំពុងស្នាក់នៅក្នុងទីក្រុងអង់ការ៉ា សូម្បីតែជាន់ពិតប្រាកដនៃសណ្ឋាគារដែលលោកស្នាក់នៅក៏ដោយ៕​