(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង និង LAY GREEN បានរួមគំនិតផ្តួចផ្តើមបង្កើតវេទិកាប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ដោយសហការជាមួយ សមាគមស្ថាបត្យករខ្មែរ ដើម្បីបើកឱកាសជូនដល់ស្ថាបត្យករ អ្នកជំនាញវ័យក្មេង សិស្ស-និស្សិតក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម ស្ថាបត្យកម្មទេសភាព និងអ្នកជំនាញពាក់ព័ន្ធ បានបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិត តាមរយៈការរចនា «មជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប»។

ការប្រកួតប្រជែងនេះ ផ្តោតលើការស្វែងរកគំនិតរចនាដែលមាន គុណភាព និងសោភ័ណភាព ដោយផ្សារភ្ជាប់ អត្តសញ្ញាណ និងសិល្បៈស្ថាបត្យកម្មខ្មែរ ជាមួយរចនាបទទំនើប ព្រមទាំងបញ្ចូលបរិបទធម្មជាតិ និងទំនាក់ទំនងរវាងមនុស្ស និងសេះ។ តាមរយៈវេទិកានេះ ជីប ម៉ុង និង LAY GREEN មានបំណងលើកទឹកចិត្តយុវជនកម្ពុជាឱ្យបញ្ចេញសមត្ថភាព និងបង្កើតស្នាដៃថ្មីៗ ដោយយកអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ មកបកស្រាយក្នុងបរិបទសម័យទំនើប ដោយរក្សាបាននូវអត្តសញ្ញាណដើម។
សម្រាប់ម្ចាស់ជ័យលាភីក្នុងការប្រកួតវគ្គចុងក្រោយ នឹងទទួលបានប្រាក់រង្វាន់រួមមាន៖
- ជ័យលាភីលេខ ១៖ ៥,០០០ ដុល្លារអាមេរិក
- ជ័យលាភីលេខ ២៖ ៣,០០០ ដុល្លារអាមេរិក
- ជ័យលាភីលេខ ៣៖ ២,០០០ ដុល្លារអាមេរិក
- រង្វាន់ប្រជាប្រិយភាព៖ ១,០០០ ដុល្លារអាមេរិក
សម្រាប់ការចុះឈ្មោះនឹងផុតកំណត់ត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ហើយជាពិសេសក៏មានកម្មវិធីតម្រង់ទិស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបរាល់ចម្ងល់ផ្សេងៗរបស់បេក្ខជន ខណៈការទទួលស្នាដៃប្រកួតក៏នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃការរចនាសូមចូលទៅកាន់តំណភ្ជាប់៖ https://drive.google.com/file/d/1GsOGP94VhAUm3tINB1x5LVT-7oEJYSRw/view

