ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចថា ការវាយប្រហារអ៊ីរ៉ង់គឺជា “រឿងត្រឹមត្រូវដែលត្រូវធ្វើ” ដោយអះអាងថា តម្លៃសាំងហក់ឡើងខ្ពស់នៅសហរដ្ឋអាមេរិក គឺជារឿងសមហេតុផល ដើម្បីការពារទីក្រុងតេអេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉ក ថា ៖”នៅពេលអ្នកចំណាយបន្ថែមបន្តិចបន្តួចសម្រាប់ថ្លៃសាំង សូមចងចាំថា អ្នកកំពុងធ្វើបែបនេះ ដើម្បីការពារប្រទេសដ៏អាក្រក់មួយនេះ ពីការមានអាវុធនុយក្លេអ៊ែរ។ យើងមិនចង់ឱ្យពួកគេមានវានោះទេ”។
មេសេតវិមានរូបនេះ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការចំណាយសេដ្ឋកិច្ចដល់ប្រជាជនអាមេរិកដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ាគឺ “តិចតួចណាស់” ដោយសំអាងថា ការសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់គឺជារឿងត្រឹមត្រូវទាំងស្រុង។ ហើយថែមទាំងបានបញ្ជាក់ថាលោកគ្មានអ្វីត្រូវសុំទោសនោះឡើយ ព្រោះលោកបានធ្វើសកម្មភាពត្រឹមត្រូវ។
យ៉ាងណាមិញ នៅពេលមុននេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា គោលដៅនៃការរក្សាតម្លៃសាំងឱ្យនៅទាប និងការធានាថាអ៊ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរ គឺមានសារៈសំខាន់ដូចគ្នា ចំពោះប្រធានាធិបតីលោក ត្រាំ។
គួរជម្រាបជូនថា ប្រធានាធិបតីអាមេរិក ថ្មីៗនេះបានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក កំពុងជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងវិលមករកភាពធម្មតាវិញក្នុងពេលឆាប់ៗនេះ។ លោកក៏បានព្រមានអំពីលទ្ធភាពនៃការវាយប្រហារដ៏ខ្លាំងក្លា ប្រសិនបើលទ្ធផលមិនដូចការរំពឹងទុក ផងដែរ៕

