ឧកញ៉ា ពៅ គឹមថង ក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ពៅ គឹមថង អគ្គនាយកក្រុមហ៊ុន អោកធូសា អឌីត & អាសូរេន ឯ.ក (Auctusa Audit & Assurance Co., LTD) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់សភា​ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ពៅ គឹមថង ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អោកធូសា អឌីត & អាសូរេន ឯ.ក ដែលផ្តោតលើការផ្តល់សេវាកម្មនានា ដើម្បីគាំទ្រដល់សហគ្រាសធនតូចនិងមធ្យម អាជីវកម្មគ្រប់ប្រភេទ និងការវិនិយោគនានា មានជាអាទិ៍៖ សេវាកម្មគណនេយ្យ ពន្ធដារ សវនកម្ម និងប្រឹក្សាយោបល់ ជាដើម។ ក្រៅពីនោះ ឧកញ៉ា ពៅ គឹមថង ក៏កំពុងកាន់កាប់អាជីវកម្មផ្សេងៗទៀត ដូចជា សេវាកម្មដឹកជញ្ជូន ជួលគ្រឿងចក្រ ជួលរថយន្ត និងសេវាកម្មអចលនទ្រព្យផងដែរ។

គួររំឭកថា លោក ពៅ គឹមថង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕