លោក នេត្រ ភក្ត្រា ជំរុញឱ្យពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកវិទ្យា AI ដើម្បីគ្រប់គ្រងព័ត៌មាន និងសាធារណមតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យពង្រឹងសមត្ថភាពធនធានមនុស្ស បច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលព្រមទាំង AI ដើម្បីបង្កើនគុណភាព និងភាពជឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ។ ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ  និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងសតិអារម្មណ៍ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការយកចិត្តទុកដាក់ និងគ្រប់គ្រងឱ្យបានម៉ត់ចត់លើប្រភពព័ត៌មាននានា ជាពិសេសលើបណ្តាញសង្គមទេនោះ ភាពអាណាធិបតេយ្យព័ត៌មាននឹងកើតមានឡើង។

ទន្ទឹមនឹងការកោតសរសើរចំពោះសមិទ្ធផល ៣ឆ្នាំកន្លងមក លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យរៀបចំផែនការការងារឆ្នាំ២០២៧-២០២៨ ឱ្យបានច្បាស់លាស់ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ព្រមទាំងបន្តលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានឱ្យកាន់តែប្រសើរឡើង៕