ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងបញ្ជាឱ្យវាយប្រហារតាមអាកាសលើអូម៉ង់ ប្រសិនបើប្រទេសនៅរដ្ឋឈូងសមុទ្រនេះ រារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក នៅក្នុងច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសជាមួយ Fox News នៅថ្ងៃទី១៨ សីហាថា ៖”ប្រសិនបើអូម៉ង់រារាំងសហរដ្ឋអាមេរិក យើងនឹងទម្លាក់គ្រាប់បែកលើប្រទេសនោះឲ្យក្លាយទៅជាបំណែកៗ”។
គួរឲ្យដឹងផងដែរថា អូម៉ង់មានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជិត ២០០ឆ្នាំមកហើយ ដែលធ្វើឱ្យប្រទេសនេះ បានក្លាយជាដៃគូ និងសម្ព័ន្ធមិត្តចំណាស់ជាងគេបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទន្ទឹមនឹងនេះ អូម៉ង់ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ផងដែរ ហើយពលរដ្ឋនៃប្រទេសទាំងពីរតែងតែធ្វើអន្តរកម្ម និងធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប្រចាំ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ បានគំរាមវាយប្រហារអូម៉ង់ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននោះ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីខែឧសភា ប្រធានាធិបតីអាមេរិករូបនេះក៏បានគំរាម «បំផ្ទុះ» អូម៉ង់ផងដែរ ប្រសិនបើពួកគេចង់សហការជាមួយអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz នោះ។
ជម្រាបជូនផងដែរថា ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ បានកើតឡើងនៅពេលដែលពេលវេលាកំណត់ ៦០ថ្ងៃ សម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានបញ្ចប់នៅថ្ងៃនេះ ដោយគ្មានផែនការជាក់លាក់ណាមួយត្រូវបានប្រកាសដើម្បីបញ្ចប់ជម្លោះនោះទេ៕

