មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញក្រុមហ៊ុនរុស្សីមកបង្កើតរោងចក្រដំឡើង ឬផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់កម្ពុជា បានជំរុញទៅកាន់ក្រុមហ៊ុនរុស៊ីមកបង្កើតរោងចក្រដំឡើងរថយន្ត ឬផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីរួមចំណែកដល់ការបង្កើតការងារជំនាញបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាងលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជនជាមួយ គណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់របស់រោងចក្រផលិតរថយន្ត GAZ Group ប្រចាំតំបន់អាស៊ី ដើម្បីស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និ វិនិយោគនៅកម្ពុជា ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប បានស្វាគមន៍គណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ខណៈលោកក៏បានលើកឡើងថា វិស័យយានយន្ត គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់ និង ផ្តល់ការលើកទឹកចិត្តយ៉ាងទូលំទូលាយ ។ លោកបានជម្រាប់ដែរថា រាជរដ្ឋាភិបាលទើបតែបានបញ្ចប់ការវាយតម្លៃលើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និង កំពុងរៀបចំគោលនយោបាយថ្មី សម្រាប់ឆ្នាំ២០២៦-២០៣៥ ដែលក្នុងនោះ ការលើកទឹកចិត្តដល់គម្រោងវិនិយោគដំឡើងយានយន្ត ត្រូវបានកែលម្អកាន់តែប្រសើរ មុតស្រួច និង មានភាពប្រកួតប្រជែងខ្ពស់។

ជាមួយគ្នានេះ លោក Sergey Kuryshev បានជម្រាបជូនអំពីសក្តានុពលដ៏រឹងមាំរបស់ GAZ Group ដែលជារោងចក្រផលិតរថយន្តដ៏ធំបំផុតមួយ ប្រចាំសហព័ន្ធរុស្ស៊ី ។ ជាមួយនឹងបទពិសោធន៍ជាង ៩០ឆ្នាំ ក្រុមហ៊ុនបាននិងកំពុងនាំចេញរថយន្តទៅកាន់ទីផ្សារ ៤៣ ប្រទេសជុំវិញពិភពលោក និងទទួលបានជោគជ័យក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅប្រទេសវៀតណាម ។

ដោយមើលឃើញអំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរ លោក Sergey Kuryshev បានគូសបញ្ជាក់ថា ក្រុមហ៊ុនកំពុងសម្លឹងមើលឱកាសពង្រីកទីផ្សារ និង ការវិនិយោគមកកាន់ប្រទេសកម្ពុជា ។ ជាក់ស្តែង ក្នុងឱកាសនៃជំនួបនេះ, ក្រុមហ៊ុនបាននាំយករថយន្តម៉ាក GAZ ចំនួនពីរម៉ូដែល គឺម៉ូដែល GAZELLE CITY និង GAZELLE NEXT CITILINE មកតាំងបង្ហាញផ្ទាល់នៅទីស្តីការក្រសួង ដើម្បីបង្ហាញអំពីនវានុវត្តន៍ និង គុណភាពស្តង់ដាខ្ពស់នៃរថយន្តដែលផលិតដោយ GAZ Group ។

តាមរយៈជំនួបនោះ ភាគីកម្ពុជា បានប្តេជ្ញាផ្តល់នូវការសម្របសម្រួលប្រកបដោយតម្លាភាព រហ័ស និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចដ៏កក់ក្តៅ ដល់គ្រប់អ្នកវិនិយោគ ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុន GAZ Group ក្នុងការសិក្សាសមិទ្ធលទ្ធភាព ដើម្បីឈានទៅបង្កើតរោងចក្រដំឡើងរថយន្ត ឬ ផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញការផ្ទេរបច្ចេកវិទ្យា និង បង្កើតការងារជំនាញបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា៕អត្ថបទ៖ហ្សាលីន