កម្ពុជា-ចិន បើកទំព័រប្រវត្តិសាស្ត្រថ្មី! ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាម KHQR

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យកម្មវិធីទូទាត់ចល័ត Weixin Pay អាចស្កេនខេអេចឃ្យូអរកូត (KHQR) នៅកម្ពុជា។ ពិធីប្រកាសជាផ្លូវការនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអាមេរិកឡាទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងដំណាក់កាលទី១នេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេសភ្ញៀវទេសចរ និងវិនិយោគិនចិនដែលមកបំពេញបេសកកម្មនៅកម្ពុជា អាចធ្វើការស្កេនទូទាត់ប្រាក់តាមរយៈ KHQR Code បានយ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ នៅតាមបណ្តាហាង ទ្រនំអាជីវកម្ម និងសេវាកម្មនានា។ ការសម្របសម្រួលផ្នែកហិរញ្ញវត្ថុដ៏ទំនើបនេះ នឹងគ្របដណ្តប់លើការចំណាយផ្សេងៗ រាប់ចាប់តាំងពីការទិញទំនិញ ទទួលទានអាហារ ការធ្វើដំណើរ ការស្នាក់នៅ រហូតដល់សកម្មភាពកម្សាន្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

លោកស្រី ជា សិរី បានបញ្ជាក់ថា សារៈប្រយោជន៍ជាយុទ្ធសាស្ត្រចំនួន ២ ដែលទទួលបានពីការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែននេះ រួមមាន ១/ សម្រាប់ភ្ញៀវទេសចរបរទេសដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេស ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូររូបិយប័ណ្ណ កាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមាន ប័ណ្ណទូទាត់

និង ២/សម្រាប់សហគ្រាសក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់អាជីវកម្ម ឬ សហគ្រាសធំៗ រហូតដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យម ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជន ជាជនបរទេសបានកាន់តែច្រើន តាមរយៈខេអេចឃ្យូអរកួតដែលមានស្រាប់ ដោយពុំប្រឈមនឹង ការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ។

ការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែនរវាងប្រទេសទាំងពីរនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តកាន់តែច្រើន និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងកម្ពុជា និងចិនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕