ធនាគារជាតិ នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ ក្រោមប្រធានបទគោល ស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព”

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទគោល ស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែឧសភានេះ បាន​ឱ្យដឹងថា ផលិតកម្មក្នុងស្រុកត្រូវបានចាត់ទុកជាកម្លាំងចលករក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសនៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមាន ការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងសហគ្រិនស្ត្រី ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត។

ធនាគារជាតិបន្តថា ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូល លើផលិតផលណាដែលមានវត្ថុធាតុដើមហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុកនៅតែ មានបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត។

ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ សម្រាប់ឆ្នាំ២០២៦ក្រោមប្រធានបទគោល ស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព” នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕