បំណុលសាធារណៈរបស់អាមេរិក កើនឡើងលើស ៤០ទ្រីលានដុល្លារជាលើកដំបូង

អន្តរជាតិ

បំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានឱនភាពថវិកាអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះបានកើនឡើងទ្វេដង បើធៀបទៅនឹងចំនួនកាលពី ១០ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញថា បំណុលសរុបរបស់អាមេរិក បានឈានដល់ ៤០,០៥ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី១៩ ខែសីហា បន្ទាប់ពីបានកើនលើសពីទំហំ ៣០ទ្រីលានដុល្លារ កាលពី ៤.៥ឆ្នាំមុន។ យ៉ាងណាមិញ ការកើនឡើងនូវឱនភាពថវិកាអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងផលប៉ះពាល់នៃកញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចកំឡុងពេលមានវិបត្តិជំងឺរាតត្បាត បានរុញច្រានឱ្យមានការកើនឡើងនូវបំណុលយ៉ាងគំហុកនេះ។

នៅក្នុងរបាយការណ៍របស់ខ្លួន ក្រសួងរតនាគារបាននិយាយទៀតថា ឱនភាពថវិកាក្នុងខែកក្កដា បានឈានដល់ ៤៣២,៣ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែមីនា ឆ្នាំ២០២១ មក។ ឱនភាពនេះគិតត្រឹមឆ្នាំបច្ចុប្បន្នកំពុងខិតជិត ១,៨ទ្រីលានដុល្លារហើយ ដែលជាកម្រិតខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីដប់ឆ្នាំមុន បំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមានចំនួនត្រឹមតែ ១៩,៤ទ្រីលានដុល្លារប៉ុណ្ណោះ។ឭ

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមអ្នកឃ្លាំមើលថវិកាជាតិបានព្យាករទុករួចហើយថា បំណុលសាធារណៈរបស់សហរដ្ឋអាមេរិក នឹងបន្តកើនឡើងលើសពី ៤០ទ្រីលានដុល្លារ ក្នុងពេលឆាប់ៗនេះ ដោយព្រមានថា វិបត្តិបំណុលនឹងផ្ទុះឡើង ប្រសិនបើមន្ត្រីមិនដោះស្រាយវាជាមួយនឹងវិធានការសំខាន់ៗដូចជា ការដំឡើងពន្ធ ការកាត់បន្ថយការចំណាយទេនោះ៕​