អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាននាំយកថវិកាដែលបានមកពីកម្មវិធី Fun Run Kirrirom និងអំណោយរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅប្រគល់ជូន សាលាដូង គីរីរម្យ ដើម្បីជួយសម្រួលដល់សាលាដូង ក្នុងការបន្តជួយបណ្តុះបណ្តាលដល់សិស្សានុសិស្សជិត ២០០នាក់ នៅលើភ្នំគិរីរម្យ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត បានលើកឡើងថា៖ “ថវិកាដែលបានមកពីកម្មវិធី Fun Run Kirrirom និងអំណោយមួយចំនួនរបស់ក្រុមហ៊ុន វិរ: ប៊ុនថាំ បានប្រគល់ជូនដល់ សាលាដូង គីរីរម្យ ជាមួយថ្នាក់ដឹកនាំ EHM និងកញ្ញា កយ អេណា ដើម្បីជួយសម្រួលដល់សាលាដូង ក្នុងការបន្តយុទ្ធនាការ សម្អាតសំរាម និងបន្តការបណ្តុះបណ្តាលដល់សិស្សានុសិស្សទាំង ១៦៧នាក់ លើភ្នំគីរីរម្យ។ សូមជូនពរសាលាដូង ទទួលបានជោគជ័យក្នុងបេសកកម្មមនុស្សធម៌នៅកម្ពុជា។ #វប្បធម៌ចែករំលែក #គ្រួសារវីរ:ប៊ុនថាំ”។
សូមជម្រាបថា សាលាដូង ស្ថិតនៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ កំពុងត្រូវបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ខណៈដែលនាព្រឹកថ្ងៃទី១៩ ខែសីហា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ និងឱ្យសាលាដូងបន្តដំណើរការទៅមុខដូចធម្មតាដើម្បីបង្រៀនសិស្ស។
ជាមួយគ្នានោះ សម្តេចធិបតី បានជួយសម្រាលបន្ទុកដល់សាលា ដោយសម្តេចនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅផងដែរ៕



