អ្នកឧកញ៉ា ម៉ុង ឫទ្ធី នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសម្ពោធអគារការិយាល័យថ្មីមួយខ្នង នៅលើតំបន់ឆ្នេរសមុទ្រកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានជូនរង្វាន់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនម្នាក់ចំនួន ១សន្លឹក (១០០ដុល្លារ) ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងថា ក្រោយពីបានធ្វើដំណើរឆ្លងកាត់ព្យុះភ្លៀងផ្គររន្ទះ អស់រយៈពេល ៣១ឆ្នាំ នៅលើតំបន់ឆ្នេរសមុទ្រកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៥ លោកបានសម្រេចចិត្តសាងសង់អគារការិយាល័យថ្មីមួយខ្នង កំពស់៣ជាន់ ស្មើនឹង ១,៤៣១ម៉ែត្រការ៉េនៅលើផ្ទៃដីទំហំ ១២,៣៥០ម៉ែត្រការ៉េ។ ថ្ងៃនេះ អ្នកឧកញ៉ានិងក្រុមការងារបានសាងសង់រួចរាល់ជាស្ថាពរ ព្រមទាំងបានរៀបដាក់ឱ្យដំណើរការជាផ្លូវការ នាពេលនេះ។
អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមថា វេលាម៉ោង៨ព្រឹក ក្រុមហ៊ុនបានបើកកម្មវិធីប្រជុំរួម ដែលរួមមានក្រុមហ៊ុនបុត្រសម្ព័នដូចជា ក្រុមហ៊ុនចំការកៅស៊ូ អឹមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន ក្រុមហ៊ុនចិញ្ចឹមសត្វ អឹមភិក រោងចក្រផលិតចំណីសត្វ ដើម្បីផ្លាស់ប្ដូរយោបល់ រិះរកគ្រប់មធ្យោបាយ ឆ្លងកាត់ការលំបាកដែលមិនធ្លាប់បានជួបប្រទះទាល់តែសោះ គឺសង្រ្គាមមជ្ឈឹមបូព៌ាដែលនាំឱ្យមានការខ្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរជាសាកល។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងទៀតថា ក្រោយកិច្ចប្រជុំ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិក និងថ្នាក់ដឹកនាំ រួមជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នឹងចូលមកដល់ថ្ងៃអង្គារ១២រោច ខែចេត្រ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ លោកបានចែកជូនរង្វាន់លើកទឹកចិត្តមួយសន្លឹកម្នាក់គ្រប់ៗគ្នាផងដែរ៕











