អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានស្នើសុំដល់រដ្ឋាភិបាល យកចិត្ដទុកដាក់ និងត្រួតពិនិត្យលើការនាំចូលជ្រូករស់ ពីព្រោះជ្រូកប្រភេទនេះ គេក៏អាចដាក់សារធាតុគីមីបានផងដែរ ដោយគេចាក់ថ្នាំតែមួយម្ជុល តម្លៃអាចលើសពីធម្មតា។

មានប្រសាសន៍ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានសង្កត់ធ្ងន់ថា ប្រសិនបើការនាំចូលជ្រូកដែលមានសារធាតុគីមីបែបនេះ យើងប្រាកដជាមានបញ្ហាហើយ។
ដើម្បីដឹងច្បាស់ថា តើសាច់ជ្រូកប្រភេទណាជាសាច់ជ្រូកដាក់សារធាតុគីមី? អ្នកឧកញ៉ា បានណែនាំឱ្យពិនិត្យលើចំណុចគួរកត់សម្គាល់មួយចំនួនដូចជា សាច់ជ្រូកដាក់ព្យួរដោយគ្មានរុយរោម សាច់មានពណ៌ក្រហមស្រស់ជាដើម។
ជុំវិញបញ្ហានេះ អ្នកឧកញ៉ាបានស្នើសុំដោយទទូចទៅរាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ បន្លែ ផ្លែឈើ ត្រី សាច់ដែលនាំចូលមក និងជាពិសេសនោះគឺស្នើដល់ប្រជាកសិករយើង គួរធ្វើការកែច្នែបន្ថែមលើត្រីរបស់យើង ទៅជាប្រហុក ចំណែកសាច់ជ្រូក សាច់គោ អាចកែទៅជាផ្អកជាដើម។
សូមជម្រាបជូនថា អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្រៅពីការងារជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា អ្នកឧកញ៉ា ក៏ជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល ដែលល្បីល្បាញខាងវិស័យកសិកម្ម បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលឈរជើងជាង ៣៤ឆ្នាំមកហើយ ក្នុងពិភពមុខជំនួញ និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា៕


