លោក Alex Bouzari ស្ថាបនិកក្រុមហ៊ុនផ្ទុកទិន្នន័យ DataDirect Networks (DDN) បានក្លាយជាមហាសេដ្ឋី ខណៈពេលដែលការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត AI បានផ្លាស់ប្តូរអាជីវកម្មរបស់លោកស្ទើតែទាំងស្រុង និងជំរុញឲ្យការលក់ប្រចាំឆ្នាំរបស់ខ្លួនកើនឡើងដល់រាប់សិបដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ារបស់លោក Alex Bouzari មានជំនាញសាងសង់ប្រព័ន្ធផ្ទុកទិន្នន័យដែលមានដំណើរការខ្ពស់សម្រាប់មន្ទីរពិសោធន៍ស្រាវជ្រាវ និងកុំព្យូទ័រទំនើបៗមួយចំនួនដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក។
យ៉ាងណាមិញ ជុំវិញតម្រូវការកើនឡើងសម្រាប់ការគណនា AI បានជំរុញឱ្យអាជីវកម្មដែលធ្លាប់តែមានជំនាញពិសេសនេះ ចូលទៅក្នុងទីផ្សារដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស ដោយការលក់ប្រចាំឆ្នាំកំពុងឈានដល់ ១ពាន់លានដុល្លារ។ DDN បានឈានដល់តម្លៃមូលធនទីផ្សារប្រមាណ ៥ពាន់លានដុល្លារកាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុនវិនិយោគអាមេរិក Blackstone បានវិនិយោគចាក់ទឹកប្រាក់ចំនួន ៣០០លានដុល្លារនៅក្នុងក្រុមហ៊ុន។
ទន្ទឹមនឹងនេះ លោក Bouzari និងសហស្ថាបនិកក្រុមហ៊ុនម្នាក់ទៀត គឺលោក Paul Bloch ម្នាក់ៗមានទ្រព្យសម្បត្តិប្រហែល ២ពាន់លានដុល្លារ គិតត្រឹមខែសីហា ដោយផ្អែកលើភាគហ៊ុនរួមគ្នា ៤០% របស់ពួកគេ នៅក្នុង DDN។ នេះបើយោងតាម Forbes។
គួរជម្រាបជូនថា DDN បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនកាន់តែខ្លាំងឡើងទៅលើមជ្ឈមណ្ឌលទិន្នន័យ AI ដែលបច្ចេកវិទ្យារបស់ខ្លួននេះ បានជួយអតិថិជនបញ្ចូលទិន្នន័យយ៉ាងឆាប់រហ័សទៅកាន់អង្គភាពដំណើរការក្រាហ្វិក ឬ GPU ដូចជាបន្ទះឈីបរបស់ Nvidia ដែលប្រើដើម្បីបណ្តុះបណ្តាល និងដំណើរការប្រព័ន្ធ AI។ ហើយបច្ចុប្បន្នអតិថិជនរបស់ខ្លួន រួមមាន Google, Salesforce, xAI របស់ Elon Musk និងក្រុមហ៊ុន AI cloud computing Lambda ផងដែរ៕

