លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ទទួលបានការផ្តល់កិត្តិយស ចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យលោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) រួមជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន TH Group និងគណៈគ្រប់គ្រង GAC Motor International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​នោះ, លោក​ប្រធានក្រុមប្រឹក្សាភិបាល​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ ប្រព្រឹត្ត​ទៅ​ដោយរលូន​។ លោក​ប្រធានក្រុមប្រឹក្សាភិបាល​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា​ ដោយរោងចក្របង្គុំ​ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តេីមដំណេីរការបឋម​ នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀត​ថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ​។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។

ជាទីបញ្ចប់, សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕