ក្រសួងការបរទេស បើកកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំនេះបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែនការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន មាណែត ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កាលពី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន។

គណៈកម្មការនេះ មានភារកិច្ច ពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់, ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់, ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិ, ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ, រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕