អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៨១ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុម​ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជប់លៀងនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា, សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រមទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក-សមាជិការាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និងតំណាងអង្គទូតនៃប្រទេសជាមិត្តប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ​ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃទិវាឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៦) និងបានជូនពរឱ្យប្រទេសវៀតណាមបន្តទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន។

លោក ង្វៀន មិញវូ បានលើកឡើងពីសារៈសំខាន់នៃថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ដ៏សំខាន់ និងបានបើកទំព័រថ្មីនៃសករាជឯករាជ្យ និងសេរីភាពសម្រាប់ប្រទេសវៀតណាម។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល៨១ឆ្នាំកន្លងមក ប្រជាជនវៀតណាមបានរួបរួមគ្នា ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ដើម្បីកសាងប្រទេសឱ្យមានឯករាជ្យ ឯកភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន។

សូមជម្រាបថា ការអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ឧកញ៉ាៗ សមាជិក សមាជិកា​ នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងពិធីនេះ បានបង្ហាញពីការចូលរួមរបស់វិស័យឯកជនកម្ពុជា ក្នុងការពង្រឹង​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ជាពិសេសក្នុងការជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម៕