អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទស្សនកិច្ចនៅ ក្រុមហ៊ុន DAQO GROUP ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់បរិក្ខាអគ្គីសនីធំៗទូទាំងប្រទេសចិន និងទៅជុំវិញសកលលោក នៅខេត្តណានជីង សាធារណរដ្ឋប្រជាមានិតចិន។

អ្នកឧកញ៉ា បានឱ្យដឹងថា ការទស្សនកិច្ចនេះគឺដើម្បីធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ក៏ដូចជាទាក់ទាញវិនិយោគិនចិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតឲ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅប្រទេសកម្ពុជា។ ក្រៅពីផ្សព្វផ្សាយសក្ដានុពលនៅកម្ពុជាហើយ អ្នកឧកញ៉ាក៏បានផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់នៅកម្ពុជារួមមាន តំបន់ប្រាសាទនៅខេត្តសៀមរាប និងតំបន់ឆ្នេរនៅខេត្តព្រះសីហនុ និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសផងដែរ។
សូមជម្រាបថា ក្រោយពីធ្វើការផ្សព្វផ្សាយព័ត៌មានកាន់តែច្បាស់បែបនេះហើយ ធ្វើឱ្យអ្នកវិនិយោគចិនជាច្រើនបង្ហាញបំណង និងចាប់អារម្មណ៍ក្នុងការទៅសិក្សា និងវិនិយោគនៅកម្ពុជា។










