រដ្ឋាភិបាល ពិនិត្យលើសំណើរវិនិយោគចំនួន៧ មានតម្លៃទុនប្រមាណ ៣៥០ លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៨ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថាគម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖១.វិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង( គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិតនានា សម្រាប់បម្រើការវេចខ្ចប់ទំនិញ)។

ចំពោះវិស័យឧស្សាហកម្មចំនួន ៣គម្រោង រួមមាន៖(គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ)។

វិស័យទេសចរណ៍ចំនួន ១គម្រោង៖ គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់។ចំណែកឯ វិស័យហេដ្ឋារចនាសម្ព័ន្ធវិញ គឺមានចំនួន ២គម្រោង រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០មេហ្គាវ៉ាត់ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។

សូមជម្រាបដែរថា គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងស្ទឹងត្រែង៕អត្ថបទ៖ហ្សាលីន