យោងរបាយការណ៍ហិរញ្ញវត្ថុមួយបានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិនិយោគទឹកប្រាក់រហូតដល់ ៥០ ០០០ដុល្លារ នៅក្នុងក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ ផ្ទាល់កាលពីថ្ងៃទី១២ ខែសីហា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២២ ខែសីហា បានបង្ហាញថា ប្រធានាធីបតីរូបនេះ បានទិញភាគហ៊ុនក្នុងតម្លៃចន្លោះពី ១៥ ០០១ដុល្លារ ទៅ ៥០ ០០០ដុល្លារ កាលពីថ្ងៃទី២៣ ខែមិថុនា។ ការទិញនេះគឺជាផ្នែកមួយនៃប្រតិបត្តិការជួញដូរភាគហ៊ុនជាង ១ ០០០ លើក ដែលលោក ត្រាំ បានធ្វើឡើងក្នុងខែមិថុនា។
គួររំឮកផងដែរថា ជុំវិញការទិញនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន ក្រុមហ៊ុន SpaceX បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ធំបំផុតមិនធ្លាប់មាននៅអាមេរិក កាលពីថ្ងៃទី១២ ខែមិថុនា ដោយបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មអវកាស រណប និង AI មួយនេះ កើនឡើងដល់ ១,៧៧ទ្រីលានដុល្លារ។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោក Davis Ingle បាននិយាយថា ការទិញភាគហ៊ុនៅក្នុង SpaceX របស់លោក ត្រាំនេះ ត្រូវបានធ្វើឡើង ដោយស្ថាប័នហិរញ្ញវត្ថុមួយដែលជាភាគីទីបី និងជាអ្នកគ្រប់គ្រងផលប័ត្រវិនិយោគរបស់លោក ត្រាំផ្ទាល់។ លោក Ingle បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ទាំងប្រធានាធិបតី ត្រាំ និងសមាជិកគ្រួសាររបស់លោក ពុំមានសមត្ថភាពក្នុងការចាត់ចែង ឥទ្ធិពល ឬផ្តល់មតិយោបល់ពាក់ព័ន្ធនឹងរបៀបដែលផលប័ត្រនេះត្រូវបានវិនិយោគ ឬពេលណាត្រូវទិញ ឬលក់នោះឡើយ”។
គួរជម្រាបជូនផងដែរថា SpaceX គឺជាក្រុមហ៊ុនម៉ៅការយោធារបស់អាមេរិក ហើយជារឿយៗតែងតែស្វែងរកការអនុម័តពីភ្នាក់ងារសហព័ន្ធ ក្នុងការវិនិយោគផ្សេងៗ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ត្រាំ បានណែនាំក្រុមការងាររបស់លោកឱ្យជួយបង្កើនចំនួននៃការបាញ់បង្ហោះរ៉ុក្កែតអវកាសពាណិជ្ជកម្មរបស់អាមេរិកក្នុងចំនួនដ៏ច្រើន។ ហើយក្នុងនោះក្រុមហ៊ុន SpaceX គឺជាអ្នកដើរតួសំខាន់ និងមានប្រៀបជាងគេនៅក្នុងវិស័យនោះ៕

