ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច (LASED) ដែលបានប្រគល់ជូនបងប្អូនសម្បទានិកនៅខេត្តក្រចេះនាពេលកន្លងមក។

ការចុះពិនិត្យខាងលើ ធ្វើឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច LASED III ក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ និងទីតាំង LASED II ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោង គឺដើម្បីរៀបចំឱ្យត្រូវនូវប្រព័ន្ធសេដ្ឋកិច្ចសង្គម ដោយផ្អែកលើសក្តានុពលតំបន់ មានកសិកម្មជាដើម ឆ្លើយតបទៅនឹងតម្រូវការសង្គមនិងទីផ្សារជាក់ស្តែង ដែលនេះជាផ្នែកមួយមានសារសំខាន់ក្នុងការអភិវឌ្ឍបុរីជនបទ។
សូមជម្រាបថា គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ឬ LASED III គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងជនជាតិដើមភាគតិច។ គម្រោងនេះមិនត្រឹមតែផ្ដល់ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផលប៉ុណ្ណោះទេ ថែមទាំងផ្ដល់ការបណ្ដុះបណ្ដាលលើវិស័យកសិកម្ម ផ្ដល់ពូជសត្វ ពូជបន្លែ បង្កើតទីផ្សារ សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងមូលនិធិសម្រាប់អភិវឌ្ឍន៍សហគមន៍ផងដែរ។










