ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ ដោយភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក សំដៅឈានទៅជំរុញវិស័យអាកាសចរកាន់តែប្រសើរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ក្នុងជំនួបពិភាក្សាជាមួយលោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ជាពិសេសការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា។
សម្តេចធិបតី ក៏បានរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានា ដល់វិនិយោគិន។ សម្រាប់វិស័យអាកាសចរ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ, ភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ដែលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើនត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងជំនួបនោះដែរ លោកប្រធានក្រុមហ៊ុន VINCI បានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។

លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រុមហ៊ុន ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខផងដែរ។
សូមជម្រាបថា កម្ពុជា បានចុះហត្ថលេខាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាមួយប្រទេសមួយចំនួន ដូចជាឥណ្ឌា និងកំពុងពង្រីកជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់បណ្ដាប្រទេសមជ្ឈិមបូព៌ា ដែលការរីកចម្រើននៃការហោះហើរត្រង់នេះ នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលា លើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និងជាអ្នកទេសចរ មកកម្ពុជាកាន់តែច្រើនថែមទៀត។នេះបើតាមការបញ្ជាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត៕


