រាជរដ្ឋាភិបាលកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅតំបន់អានសេះ ជាការរំលោភបំពានដែនដីអធិបតេយ្យយ៉ាងធ្ងន់ធ្ងរ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចូលមកកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែសីហា ក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់ត្រូវបានកងកម្លាំងប្រដាប់អាវុធថៃបានចូលកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក។ កម្ពុជាបានសង្កត់ធ្ងន់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់នេះបានឡើយ ហើយការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា ក៏មិនអាចប្រែជាស្របច្បាប់តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះដែរ។

ទង្វើនេះស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០,០០០ (ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម) និងផ្ទុយពីចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹងតាមបណ្តោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាថ្មីថា ទាំងផែនទីដែលគូសដោយឯកតោភាគី ឬដំណើរទស្សនកិច្ចដែលផ្អែកលើផែនទីបែបនោះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិបានឡើយ។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយដំណើរទស្សនកិច្ចនេះ ក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនដើម្បី បន្ធូបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយ សន្តិវិធី សំដៅស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា «ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ»៕