រយៈពេល ៦ខែបន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទូះឡើង អង្គការផលិត និងនាំចេញប្រេងដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក OPEC ហាក់លែងមានសមត្ថភាពជះឥទ្ធិពលលើទីផ្សារដែលខ្លួនធ្លាប់បានដឹកនាំទៀតហើយ។

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនាំចេញប្រេងរបស់តំបន់នេះ ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃបណ្តាប្រទេសមួយចំនួនដែលជាសមាជិកអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ផងដែរ។ សង្គ្រាមនេះបានកាត់បន្ថយទីផ្សាររបស់ក្រុមនេះ និងធ្វើឱ្យសមត្ថភាពរបស់ពួកគេក្នុងការជះឥទ្ធិពលលើតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង។ នាពេលនេះ ការប្រកាស និងការសម្រេចចិត្តគោលនយោបាយរបស់ OPEC និងសម័្ពន្ធមិត្ត (OPEC+) ស្ទើរតែមិនអាចធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលទៀតនោះឡើយ។
ផ្ទុយទៅវិញ ការកាត់បន្ថយការនាំចូលប្រេងឆៅរបស់ប្រទេសចិន បានក្លាយជាកត្តាមួយក្នុងចំណោមកត្តាដ៏សំខាន់បំផុតដើម្បីកំណត់ទីផ្សារប្រេងឆៅពិភពលោក នៅក្នុងឆ្នាំ២០២៦ នេះ។ សកម្មភាពនេះបានរួមចំណែកដល់ការរក្សាតុល្យភាពទីផ្សារប្រេង ក្នុងអំឡុងពេលមានការរំខានដល់ការផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ។
យ៉ាងណាមិញ យោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា OPEC+ បានរួមចំណែក ៤០% ប៉ុណ្ណោះនៃផលិតកម្មប្រេងសរុបសកល ក្នុងខែកក្កដា។ តួលេខនេះបានថយចុះពីជាង ៤៨% មុនពេលសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ។ តែទោះជាយ៉ាងណាក៏ដោយ ប្រហែល ៤% ទៅ ៥% នៃកម្រិតធ្លាក់ចុះនេះ គឺដោយសារតែការដកខ្លួនរបស់ប្រទេសអារ៉ាប់រួម (UAE) ចេញពីអង្គការ OPEC កាលពីខែឧសភា។
គួរឲ្យដឹងថា ប្រទេសស្នូលចំនួន ៧ នៅក្នុង OPEC+ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានរួមចំណែកត្រឹមតែ ២៥% នៃផលិតកម្មប្រេងពិភពលោក ក្នុងខែកក្កដា។ សង្គ្រាមបានកាត់បន្ថយសមត្ថភាពក្នុងការដំឡើង ឬកាត់បន្ថយការផ្គត់ផ្គង់យ៉ាងឆាប់រហ័សរបស់ OPEC+ នៅពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទ។ ច្រកនេះគឺជាផ្លូវនាំចេញដ៏សំខាន់សម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផលិតធំបំផុតរបស់ OPEC ក៏ដូចជាសមាជិកផ្សេងទៀតដូចជា អ៊ីរ៉ាក់ និងកុវ៉ែតជាដើម។
ជម្រាបជូនថា ចាប់តាំងពីខែមីនាមក OPEC+ បានប្រកាសពីការបង្កើនផលិតកម្មប្រេងរបស់ខ្លួនដល់ទៅ ៦ លើក។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែការបិទច្រកសមុទ្រ Hormuz ការបង្កើននៃចំនួននេះ គឺមានតែនៅលើក្រដាសប៉ុណ្ណោះ។ ការសម្រេចចិត្តទាំងនោះស្ទើរតែមិនមានផលប៉ះពាល់ដល់តម្លៃប្រេងទៀតនោះឡើយ លើកលែងតែការសម្រេចចិត្តក្នុងខែកក្កដា នៅពេលដែលអាមេរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់៕

