លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនដៃគូប្រជែងរបស់ខ្លួន គឺ Meta ធ្លាប់បានព្យាយាមទាក់ទាញបុគ្គលិកមានជំនាញខ្ពស់របស់ខ្លួន ជាមួយនឹងការផ្តល់ជូនប្រាក់ឈ្នួលដ៏ច្រើន រហូតដល់ ១០០លានដុល្លារ ក្នុងម្នាក់ ប៉ុន្តែត្រូវបានបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសមួយនៅលើផតឃែស្ថ “Uncapped with Jack Altman” នាយកប្រតិបត្តិក្រុម OpenAI រូបនេះ បានបង្ហើបថា ក្រុមហ៊ុនមេរបស់ Facebook ព្យាយាមទាក់ទាញបុគ្គលិកជំនាញរបស់ខ្លួន ក្នុងគោលបំណងយកទៅអភិវឌ្ឍបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ពួកគេ ប៉ុន្តែវានរណាម្នាក់ព្រមទៅនោះឡើយ។
លើសពីនេះ លោក Altman បាននិយាយថា ៖” ការផ្តល់ជូននេះពិតជាមិនគួរឲ្យជឿ។ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលយ៉ាងហោចណាស់រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ ក្នុងចំណោមបុគ្គលិកជំនាញៗរបស់យើង សម្រេចចិត្តជ្រើសរើសយកការផ្តល់ជូនលុយច្រើនបែបនេះ ឡើយ”។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ការប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកវិទ្យា AI កាន់តែមានភាពតានតឹងខ្លាំងឡើង។ ក្នុងចំណោមក្រុមហ៊ុនខ្នាតយក្សជាច្រើន ដូចជា Microsoft, Google, Meta និង xAI កំពុងផ្ដល់ប្រាក់ខែជាច្រើនលានដុល្លារ ដើម្បីទាក់ទាញអ្នកស្រាវជ្រាវកំពូលទាំងនោះ។
ជម្រាបជូនផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កាលពីខែមករា បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងនឹងវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៦០ពាន់លានដុល្លារ នៅក្នុង AI នៅឆ្នាំនេះ ជាមួយនឹងមហិច្ឆតា ក្នុងការដឹកនាំផ្នែកបច្ចេកវិទ្យាជំនាន់ថ្មី៕