គម្រោងព្រែកជីក Pinglu ដែលមានទុនវិនិយោគសរុបជាង ១០ពាន់លានដុល្លាររបស់ប្រទេសចិន បានបញ្ចប់ដំណើរការមួយផ្នែកធំហើយ និងកំពុងឈានចូលដល់ដំណាក់កាលប្រតិបត្តិការសាកល្បង។ នេះបើបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

ព្រែកជីក Pinglu ដែលជាគម្រោងធំមួយនៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន បានបំពេញទ្វារទឹកសំខាន់ពីរក្នុងចំណោមទ្វារទឹកសំខាន់ៗចំនួនបីរបស់ខ្លួន គឺ Ma Dao និង Xi Shi ដែលអាចឲ្យព្រែកជីកនេះមានទឹកគ្រប់គ្រាន់សម្រាប់ការធ្វើនាវាចរណ៍បានពេញលេញ និងចាប់ផ្តើមប្រតិបត្តិការសាកល្បង។
យោងតាមសាជីវកម្មព្រែកជីក Pinglu បាននិយាយថា គម្រោងនេះរួចរាល់ចំនួន ៩៦% ហើយ ដោយនឹងត្រូវបើកដំណើរការជាផ្លូវការ ក្នុងអំឡុងពេលពិព័រណ៍ចិន-អាស៊ាន នៅទីក្រុង Nanning ខេត្ត Guangxi ក្នុងខែកញ្ញាខាងមុខ។
Pinglu គឺជាគម្រោងប្រឡាយទឹកសិប្បនិម្មិតធំបំផុតរបស់ចិន បន្ទាប់ពីប្រឡាយទឹក Grand Canal ដែលបានសាងសង់ជាង ២៥០០ឆ្នាំមុន។ គម្រោងនេះមានគោលបំណងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក ផ្តល់ទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រ ការពារទឹកជំនន់ និងកែលម្អបរិស្ថានអេកូឡូស៊ីនៃទន្លេ។ ព្រែកជីក Pinglu មានទុនវិនិយោគសរុបប្រមាណ ៧២,៧ពាន់លានយន់ (ឬប្រមាណជាង ១០ពាន់លានដុល្លារអាមេរិក)។
ផ្លូវទឹកថ្មីនេះមានប្រវែង ១៣៤,២ គីឡូម៉ែត្រ លាតសន្ធឹងពីអាងស្តុកទឹក Xixin ក្នុងទីក្រុង Hengzhou ខេត្ត Guangxi ទៅកាន់កំពង់ផែ Qinzhou នៅលើច្រាំងឈូងសមុទ្រ Tonkin។ វាគឺជាគម្រោងសំខាន់មួយក្រោមច្រករបៀងពាណិជ្ជកម្មផ្លូវគោក និងផ្លូវទឹកអន្តរជាតិថ្មី ដែលភ្ជាប់ភាគខាងលិចប្រទេសចិន ជាមួយទីផ្សារពិភពលោក។
យោងតាមអាជ្ញាធរមូលដ្ឋាន នៅពេលសាងសង់រួច ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនផ្លូវទឹកក្នុងស្រុកសម្រាប់ទំនិញនាំចេញពីភាគនិរតីប្រទេសចិនជាង ៥៦០ គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងផ្លូវចាស់ឆ្លងកាត់កំពង់ផែ Guangzhou ដោយសន្សំថវិកាបានប្រហែល ៥,២ពាន់លានយន់ (៧៦៨លានដុល្លារ) នៃថ្លៃដឹកជញ្ជូនជារៀងរាល់ឆ្នាំ៕

