ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនមានតម្លៃ ៥០០ពាន់លានដុល្លារ ពីវៀតណាម ក្នុងប្រតិបត្តិការ ១៧ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung សម្រេចបានចំណូលនាំចេញសរុបចំនួន ៥០០ពាន់លានដុល្លារ គិតនៅត្រឹមនៅចុងខែមិថុនា តាមរយៈរោងចក្រចំនួនពីរនៅខេត្ត Bac Ninh និង Thai Nguyen បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៧ឆ្នាំនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះត្រូវបានផ្តល់ដោយលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung កាលពីថ្ងៃទី២៧ ខែសីហា។

យោងតាមលោក Roh រោងចក្រផលិតស្មាតហ្វូនចំនួនពីររបស់ Samsung នៅ Bac Ninh និង Thai Nguyen បានឈានដល់ដំណាក់កាលនាំចេញសរុបចំនួន ៥០០ពាន់លានដុល្លារ នៅចុងខែមិថុនា។ ដំណាក់កាលនេះត្រូវបានសម្រេច ១៧ឆ្នាំបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមផលិតទូរស័ព្ទនៅក្នុងប្រទេសវៀតណាមជាលើកដំបូង ក្នុងខែមេសា ឆ្នាំ២០០៩។

បច្ចុប្បន្ន Samsung គឺជាវិនិយោគិនបរទេសធំជាងគេមួយនៅក្នុងប្រទេសវៀតណាម។ សកម្មភាពវិនិយោគរបស់ Samsung នៅក្នុងប្រទេសវៀតណាមកំពុងបង្ហាញពីនិន្នាការកំណើនស្ថិរភាពយ៉ាងរឹងមាំ ដោយកាលចុងឆ្នាំមុន ការវិនិយោគសរុបរបស់ Samsung នៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៤ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីវៀតណាម Le Minh Hung បានស្នើឱ្យ Samsung ប្រែក្លាយវៀតណាមពី “មូលដ្ឋានផលិតកម្ម” ទៅជា “មូលដ្ឋានបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)” ផងដែរ។

ទន្ទឹមនឹងនេះ​ លោក Roh Tae Moon បានអះអាងថា Samsung ចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ និងបន្តពង្រីកការវិនិយោគលើការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ និងការគាំទ្រអាជីវកម្មក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលបន្ថែមទៀតផងដែរ៕