ត្រឹមមួយខែ មហាសេដ្ឋីកំពូលៗរបស់ឥណ្ឌូណេស៊ី កើបលុយបានជាង ៦ពាន់លានដុល្លារបន្ថែម

អន្តរជាតិ

កំពូលអ្នកមានបំផុតទាំង៤ របស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើនទ្រព្យសម្បត្តិរួមគ្នារបស់ពួកគេ ដល់ ៦,៣ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយ ដែលជំរុញដោយការងើបឡើងវិញនៃទីផ្សារភាគហ៊ុន និងការកែលម្អដំណើរការនៅក្នុងក្រុមហ៊ុនរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យរបស់ Forbes បានបង្ហាញឲ្យដឹងថា អ្នកដែលទទួលបានប្រាក់ចំណេញច្រើនជាងគេគឺលោក Low Tuck Kwong ដែលមានតំណែងជាអ្នកមានបំផុត នៅក្នុងប្រទេសផងដែរ។ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ៤ពាន់លានដុល្លារបន្ថែមទៀត ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២០,៧ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយខែ។

ទន្ទឹមនឹងនេះ លោក Prajogo Pangestu ដែលជាអ្នកមានបំផុតទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាប្រធានក្រុមហ៊ុន Barito Pacific ទទួលបានប្រាក់ចំណេញជិត ១ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ១៦,៧ពាន់លានដុល្លារ។

ដោយឡែក លោក Robert Budi Hartono ដែលជាមហាសេដ្ឋីមានបំផុតលំដាប់ទីបី និងជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ Bank Central Asia បានបន្ថែមលុយចំនួន ៧០០លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់លោកដែលមានចំនួន ១៦,៣ពាន់លានដុល្លារ ផងដែរ។

ចុងក្រោយគឺមហាសេដ្ឋី Anthoni Salim ម្ចាស់ក្រុមហ៊ុន Indofood Sukses Makmurនិងជាអ្នកមានបំផុតទីបួនរបស់ឥណ្ឌូណេស៊ី ឥឡូវនេះមានទ្រព្យសម្បត្តិសរុបចំនួន ១១ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៧០០លានដុល្លារ គិតចាប់ពីចុងខែកក្កដាមក៕​