លោកជំទាវ ឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា និង ឯកឧត្តម ភឺន ផល្លា បរិច្ចាគថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមសង្គ្រោះជីវិតកុមារកម្ពុជា

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ លោកជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា រួមជាមួយ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា បាននាំយកថវិកាចំនួន ៤០,០០០,០០០៛  (សែសិបលានរៀល) ប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់ការព្យាបាល និងការសង្គ្រោះជីវិតកុមារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ របស់ថ្នាក់ដឹកនាំ សាលាអន្តរជាតិវើលដ៍កម្ពុជា នាពេលនេះ មិនត្រឹមតែបង្ហាញពីស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះសង្គម ជាពិសេសចំពោះសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។ ទន្ទឹមគ្នានោះ ក៏ជាការបង្ហាញពីទឹកចិត្ត និងឆន្ទៈ ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ផងដែរ។

ថ្លែងប្រាប់ Oknha News លោកជំទាវ ឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា មានប្រសាសន៍ថា៖ ការចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ពីសំណាក់ថ្នាក់នាំ និងក្រុមការងារនៃ សាលាអន្តរជាតិវើលដ៍កម្ពុជា នាពេលនេះ គឺជា ការចេះចែករំលែក និងការចូលរួមទទួលខុសត្រូវសង្គមក្នុងវិស័យអប់រំ ព្រមទាំងជាជំរុញកម្លាំងចិត្តដ៏មានតម្លៃ ក្នុងការលើកទឹកចិត្តឱ្យស្ថាប័ន និងសប្បុរសជនផ្សេងៗទៀត បន្តចូលរួមគាំទ្រដល់កិច្ចការមនុស្សធម៌ និងការសង្គ្រោះជីវិតកុមារកម្ពុជា ដល់មន្ទីរពេទ្យគន្ធបុប្ផាឱ្យកាន់តែផុសផុល។ ជាពិសេស សូមឱ្យទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ បន្តរីកសាយភាយកាន់តែទូលំទូលាយ ដើម្បីពួកយើងរួមគ្នា កសាងសង្គមកម្ពុជាយើង ឱ្យពោរពេញដោយក្តីស្រឡាញ់ ការចែករំលែក និងស្មារតីមនុស្សធម៌ជានិច្ចនិរន្តរ៍។

សូមរំលឹកផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមទស្សនវិស័យ៖ «កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»៕