ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និង Intertek ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និងក្រុមហ៊ុន Intertek បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ​ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ ក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោកក្នុងការផ្តល់សេវាកម្មផ្ទៀងផ្ទាត់គុណភាពគ្រប់ជ្រុងជ្រោយនឹងដើរតួនាទីជាស្ថាប័នឯករាជ្យក្នុងការត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ប្រេងឥន្ធនៈ ដើម្បីធានាដល់គុណភាពនៃប្រេងរបស់ ប៊ីវីអឹម។​

កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ គឺជាកិច្ចប្រឹងប្រែងរបស់    ប៊ីវីអឹម ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងអនុលោមតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា  ព្រមទាំងពង្រឹងទំនុកចិត្តរបស់អតិថិជនទៅលើគុណភាព  និងស្តង់ដានៃផលិតផលប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅតាមស្ថានីយ  ប៊ីវីអឹម ក៏ដូចជាអតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានប្រសាសន៍ថា «គុណភាពប្រេងឥន្ធនៈ គឺជាកត្តាសំខាន់បំផុតសម្រាប់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃវិស័យប្រេងឥន្ធនៈ។ សម្រាប់ ប៊ីវីអឹម ការចាប់ដៃគូជាមួយក្រុមហ៊ុន Intertek មិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមផ្នែកបច្ចេកទេសដើម្បីធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ ការការពារគុណភាពផលិតផល និងការកសាងទំនុកចិត្តដ៏រឹងមាំចំពោះអតិថិជន និងដៃគូអាជីវកម្ម»

លោកស្រី បានបន្តថា «ឆន្ទៈមួយនេះគឺស្របគ្នាទាំងស្រុង ទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិស និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ពិសេសគឺគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ជំរុញគុណភាព ធានាការប្រកួតប្រជែងដោយស្មោះត្រង់ និងកសាងទំនុកចិត្តឱ្យកាន់តែរឹងមាំចំពោះផលិតផល និងអាជីវកម្មនៅកម្ពុជា។»

លោក Chee Teck Ang, តំណាងក្រុមហ៊ុន Intertek កម្ពុជាបានមានប្រសាសន៍ថា៖“សង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានភាពរឹងមាំ ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទំនើប។ ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏ចាំបាច់សម្រាប់វិស័យដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការធានាឱ្យបានថាផលិតផលប្រេងឥន្ធនៈដែលបំពេញតាមលក្ខណៈបច្ចេកទេស និងស្តង់ដារដែលបានកំណត់ គឺមិនត្រឹមតែជាការពង្រឹងទំនុកចិត្តក្នុងសកម្មភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកកម្ពស់ សុវត្ថិភាពសាធារណៈ ការប្រកួតប្រជែងដោយស្មើភាព ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ក្នុងន័យនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្ររវាង Intertek និង BVM នឹងអាចរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈការលើកកម្ពស់គុណភាពនៃការអនុវត្តអាជីវកម្ម និងការពង្រឹងប្រព័ន្ធធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការកសាង និងអភិវឌ្ឍ វិស័យប្រេងឥន្ធនៈដែលមានសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព ភាពជឿជាក់ខ្ពស់ និងទទួលបានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

អំពីក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum)

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដោយនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាមរយៈបណ្តាញប្រតិបត្តិការទូទាំងប្រទេស។ ប៊ីវីអឹម ផ្តល់ជូននូវផលិតផល ៣ប្រភេទ រួមមាន ប្រេងសាំងស៊ុបពែរ ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដែលមានគុណភាពខ្ពស់ និងអនុលោមតាមបទដ្ឋានស្តង់ដារបស់រាជរដ្ឋាភិបាលកម្ពុជា។​ តាំងពីឆ្នាំ២០០៨ មក ប៊ីវីអឹម បានវិវឌ្ឍខ្លួនយ៉ាងរឹងមាំ ក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខមួយនៅកម្ពុជា ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ​ ដែលមានគុណភាពខ្ពស់ជូនដល់អតិថិជន និងវិស័យអាជីវកម្មនៅទូទាំងប្រទេស។ ប៊ីវីអឹម បានបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈការធ្វើទំនើបកម្មបណ្តាញស្ថានីយលក់រាយរបស់ខ្លួន ឱ្យស្របតាមស្តង់ដាខ្ពស់មិនចេញក្រុមហ៊ុនអន្តរជាតិ ដើម្បីលើកកម្ពស់បទពិសោធន៍របស់អតិថិជន តាមរយៈការផ្តោតលើគុណតម្លៃសំខាន់ៗ រួមមាន ប្រេងឥន្ធនៈគុណភាពខ្ពស់ សេវាកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មប្រចាំថ្ងៃ។

អំពីក្រុមហ៊ុន Intertek

ក្រុមហ៊ុន Intertek គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់សេវាកម្មផ្ទៀងផ្ទាត់គុណភាពគ្រប់ជ្រុងជ្រោយ (Total Quality Assurance)  ដោយនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ លើការធ្វើតេស្ត ការត្រួតពិនិត្យ ការផ្តល់វិញ្ញាបនបត្រ ការធ្វើសវនកម្ម និងការធានាគុណភាព ។ តាមរយៈបណ្តាញមន្ទីរពិសោធន៍ និងការិយាល័យជាង ១,០០០ កន្លែងនៅជាង ១០០ប្រទេស Intertek ផ្តល់ការគាំទ្រយ៉ាងពេញលេញដល់បណ្តាអាជីវកម្ម ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ចីរភាព និងអនុលោមភាពនៃផលិតផល ទ្រព្យសកម្ម ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់។  ក្រុមហ៊ុន Intertek មានវត្តមានយ៉ាងរឹងមាំនៅកម្ពុជាតាំងពីឆ្នាំ២០០៣។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យឧស្សាហកម្ម កសិកម្ម ទំនិញ ផលិតកម្ម និងការនាំចេញរបស់ប្រទេសកម្ពុជា។