ក្រុមហ៊ុន អូស៊ីអាយស៊ី ចូលរួមគាំទ្រកម្ពុជាក្នុងនាមជាប្រទេសកិត្តិយស នៅក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦ នៅប្រទេសបារាំង

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍

កម្ពុជាបានបង្ហាញវត្តមានជាប្រទេសកិត្តិយសនៅក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ (Francophone Film Festival of Angoulême) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា នៅប្រទេសបារាំង។ មហោស្រពភាពយន្តអង់ហ្គូលែម (Angoulême Film Festival) គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអបអរសាទរភាពយន្តភាសាបារាំង។ ខ្សែភាពយន្តកម្ពុជាចំនួនប្រាំបួនរឿងត្រូវបានចាក់បញ្ចាំងពេញមួយសប្តាហ៍ រួមទាំងរឿង «La joie de vivre (១៩៦៩)» ដែលដឹកនាំរឿងដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងត្រូវបានចាក់បញ្ចាំងនៅចំពោះមុខ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលជាបុត្រីរបស់ព្រះអង្គ និងជាសមាជិកនៃគណៈប្រតិភូកម្ពុជាចូលរួមក្នុងមហោស្រពនេះ។

ក្នុងនាមជាដៃគូមួយរបស់មហោស្រពនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានបង្ហាញវីដេអូណែនាំអំពីប្រទេសកម្ពុជា និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់ប្រទេស ព្រមទាំងបង្ហាញពីវប្បធម៌ខ្មែរតាមរយៈរូបភាពនៃការសម្តែងរបាំអប្សរា។

នេះមិនមែនជាលើកទីមួយទេដែល ក្រុមហ៊ុន OCIC បានចូលរួមក្នុងវិស័យភាពយន្តកម្ពុជា។ នៅឆ្នាំ ២០២៤ ក្រុមហ៊ុននេះបានផ្តល់មូលនិធិដល់ការចាក់បញ្ចាំងលើកដំបូងនៅតាមបណ្តាប្រទេសអឺរ៉ុប សម្រាប់ភាពយន្តឯកសារ «La Beauté du geste» របស់លោក Xavier de Lauzanne ស្តីពីរបាំព្រះរាជទ្រព្យ និងរបាំអប្សរារបស់កម្ពុជា។ ភាពយន្តនេះបានកត់ត្រាអំពីការផលិតស្នាដៃចុងក្រោយដែលដឹកនាំ និងត្រួតពិនិត្យដោយសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី។

នាពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានចូលរួមគាំទ្រការផលិតភាពយន្ត «Returning Gods» របស់អ្នកស្រី ហ៊ុន ប៉ែន និងលោក Yoshiro Osaka ដែលរៀបរាប់អំពីការនាំយកវត្ថុបុរាណខ្មែរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ព្រមទាំងបានចូលរួមចំណែកក្នុងការតាំងបង្ហាញ «ពិធី» (Pithi – Objects of Ceremony) ដែលដាក់តាំងបង្ហាញវត្ថុបុរាណដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ នៅសាលាបុរី កោះពេជ្រ។

ប្រវត្តិសាស្ត្រដែលបង្ហាញលើសពីភាសា

ទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសហ្រ្វង់កូហ្វូន មិនត្រឹមតែផ្អែកលើភាសាប៉ុណ្ណោះទេ។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ជាស្ថាបនិកមួយរូបផងដែរនៃសហគមន៍ប្រើប្រាស់ភាសាបារាំង (Francophonie)។ ការចូលរួមរបស់កម្ពុជាក្នុងនាមជាប្រទេសកិត្តិយសប្រចាំឆ្នាំនេះ គឺជាជំហានមួយឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ហ្រ្វង់កូហ្វូនី (Francophonie) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

មហោស្រពនេះក៏បានក្លាយជាវេទិកាសម្រាប់បង្កើតភាពជាដៃគូថ្មីៗផងដែរ។ កាលពីថ្ងៃទី ២៤ ខែសីហា ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ក្នុងការបង្កើតភាពជាដៃគូជាមួយទីក្រុងអង់ហ្គូលែម ដោយបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ បេតិកភណ្ឌ និងការផ្លាស់ប្តូរនានា។

អាកាសយានដ្ឋានដែលកសាងឡើងដោយផ្អែកលើគំនិតដូចគ្នា

វីដេអូដែលក្រុមហ៊ុន OCIC បានបង្ហាញ បានផ្តល់ឱកាសឱ្យកម្ពុជាណែនាំអំពីគម្រោងមួយដែលមានអត្ថន័យលើសពីអេក្រង់ ដោយបង្ហាញអំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងបង្ហាញពីវប្បធម៌ និងស្មារតីស្វាគមន៍របស់កម្ពុជា។ ការរចនាអាកាសយានដ្ឋានបានបង្ហាញពីអត្តសញ្ញាណ និងបេតិកភណ្ឌខ្មែរ តាមរយៈសិល្បៈឆ្លាក់ដោយដៃ រូបព្រះពុទ្ធបដិមាមាសនៅចំកណ្តាល និងដំបូលដែលយកលំនាំតាមស្ថាបត្យកម្មប្រពៃណីខ្មែរ។

ការរចនាដ៏មានលក្ខណៈពិសេសនេះមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ ទើបតែជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកដោយពានរង្វាន់ «Prix Versailles» នាពេលថ្មីៗនេះ។

ក្នុងឆ្នាំនេះ មហោស្រពភាពយន្តអង់ហ្គូលែមបាននាំយកស្នាដៃភាពយន្តកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងបើកច្រកទ្វារថ្មីមួយសម្រាប់ស្វាគមន៍ពិភពលោកមកកាន់កម្ពុជា។