គិតមកដល់ពេលនេះ មានផ្សារទំនើបនិងម៉ាតជាង ៧០០ ទូទាំងប្រទេស ចូលរួមក្នុងយុទ្ធនាការធំ Made In Cambodia លើកកម្ពស់ផលិតផលខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ស្មារតីស្រឡាញ់ជាតិនិងការគាំទ្រខ្មែរគ្នាឯងកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្លា បន្ទាប់ពីយុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ទទួលបានការចូលរួមយ៉ាងកុះករពីបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស រហូតដល់ជាង ៧០០ ទីតាំង មកទល់ពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ពិសេស ដោយអនុវត្តរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ និងអូសបន្លាយពេញ ១ ឆ្នាំ។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នេះគឺជាចលនាជាតិមួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញផលិតផលជាតិនៅនឹងកន្លែង។

ចំពោះគោលបំណងចម្បងនៃយុទ្ធនាការនេះ គឺដើម្បីបង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិឱ្យមានភាពលេចធ្លោ ក៏ដូចជាការបង្កើតឱកាសជំរុញការដាក់លក់ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស។

គួរឱ្យដឹងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការទិញដូរធម្មតានោះទេ ប៉ុន្តែវាជាការបង្ហាញពី «ការស្រឡាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង!»។ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រទិញផលិតផលខ្មែរឱ្យបានច្រើនកុះករនៅតាមទីតាំងដែលកំពុងផ្សព្វផ្សាយទាំងនោះ៕