គិតមកដល់ពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កាណាដា កើនឡើងដល់ជាង១ពាន់លានដុល្លារ ខណៈប្រទេសទាំងពីរ ក៏ខិតខំប្តេជ្ញាពង្រីកពាណិជ្ជកម្មដាឱ្យកាកាន់តែមានភាពសកម្មថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រចាំកម្ពុជា កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
នាឱកាសនោះ លោកអគ្គរដ្ឋទូតកាណាដា បានបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ខណៈលោកសង្ឃឹមថា វត្តមានរបស់លោកនៅក្នុងប្រទេសកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ជាពិសេសឯកឧត្តមនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។
លោកក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលក្នុងរយៈពេលចុងក្រោយនេះគឺមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែកនយោបាយ និងការទូតរវាងកាណាដា និងកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ បានសម្ដែងនូវក្តីរីករាយចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មីក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។

សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
សូមជម្រាបថា តាមរយៈជំនួបខាងលើ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា គឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ខណៈកម្ពុជាបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។ទូតកាណាដា ក៏បានសន្យាថា នឹងជំរុញបន្ថែមទៀត ឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជាផងដែរ៕អត្ថបទ៖ហ្សាលីន


