ការផ្ដល់ឥណទានជាប្រាក់រៀលនៅកម្ពុជា បានកើនឡើងរហូតដល់ ២៥% ត្រឹមដំណាច់ឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើនគួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀល ក្នុងឆ្នាំ២០២៣ ខណៈត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ឥណទានជាប្រាក់រៀល មានការកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣ ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា​៖ «ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀល បានកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប»។

តួលេខខាងលើនេះ គឺបានកើនលើសកម្រិតកំណត់ ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំ លើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យ ចំពោះការលើកកម្ពស់ភាពលេចធ្លោ របស់ប្រាក់រៀល នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។

ជាមួយគ្នានេះ សេចក្តីប្រកាសដដែល បានបន្តថា សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥.៥៦ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយរៀល តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើនឡើងដល់ ១.៥២ពាន់ពាន់លានរៀល។ទិន្នន័យនេះបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ នៃទម្លាប់សន្សំរបស់សាធារណជន ឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។

ជុំវិញរឿងនេះ លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ឥណទានមីក្រូហិរញ្ញវត្ថុ បានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត ហើយអន្តរាគមន៍នៃឥណទាន តាមវិស័យគោលដៅដ៏ច្បាស់លាស់នេះ មិនត្រឹមតែបានជំរុញសកម្មភាព សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ របស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការគាំទ្រការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាទៀតផង។

លោកស្រីបញ្ជាក់ថា៖« កំណើននេះបង្ហាញពីដំណើរទៅមុខរួមគ្នា ឆ្ពោះទៅរកការពង្រឹងតួនាទីរបស់ប្រាក់រៀល ក្នុងនាមជាមធ្យោបាយនៃការដោះដូរទំនិញ ដែលជួយកាត់បន្ថយគម្លាតរវាងពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មបែបប្រពៃណី នេះជាការបង្ហាញឱ្យច្បាស់អំពីដំណើររបស់កម្ពុជា ឆ្ពោះទៅរកភាពស្វ័យម្ចាស់ការ និងនិរន្តរភាពផ្នែកសេដ្ឋកិច្ច»។

គួរបញ្ជាក់ដែរថា បើក្រឡេកមើលសមិទ្ធិផលក្នុងឆ្នាំ២០២៣វិញ កិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈគ្រឹះស្ថានសមាជិក របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញយ៉ាងខ្លាំងឱ្យមានការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមទាំងនេះបានពង្រឹងតួនាទី និងភាពជឿជាក់លើប្រាក់រៀល ជាជំហ៊ានវិវត្តដ៏មានសារៈសំខាន់ ហើយ វឌ្ឍនភាពនេះមិនត្រឹមតែឈានទៅរកការពង្រឹងតួនាទី របស់ប្រាក់រៀលប៉ុណ្ណោះទេ ថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។សមិទ្ធផលកាលពីឆ្នាំមុនបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ឱកាសសេដ្ឋកិច្ចនាពេលអនាគត និងការសម្រេចបានកំណើនសេដ្ឋកិច្ចរស់រវើកសម្រាប់កម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕ អត្ថបទ៖ រង្សី