ធនាគារ ជីប ម៉ុង សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យ កសិកម្មជាតិ តាមរយៈការផ្តល់ឥណទានគាំទ្រដល់សហគមន៏កសិកម្មទំនើប

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ – ធនាគារ ជីប ម៉ុង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)  បានប្រកាសជាផ្លូវការនូវកិច្ចសហការជាយុទ្ធសាស្ត្រ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីឈានទៅដល់ការសម្រចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពឯករាជ្យ រឹងមាំ និងទទួលបាននិរន្តរ៍ភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ​ ជីប ម៉ុង និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណង នៃកិច្ចសហការនេះ ជាជំហានថ្មីមួយដ៏សំខាន់ សម្រាប់ធនាគារ ជីប ម៉ុង ក្នុងការចូលរួមលើកកម្ពស់
វិស័យកសិកម្មជាតិ ឲ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តយុទ្ធសាស្ត្របង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយរាល់ការលំបាករបស់ប្រជាកសិករ ស្របជាមួយការស្វែងរកទីផ្សារ និងជំរុញកសិផលរបស់កសិករឱ្យមានតម្លៃខ្ពស់។

ធនាគារ ជីប ម៉ុង បានបង្ហាញការប្តេជ្ញាចិត្តដោយចូលរួមក្នុងការផ្តល់ហិរញ្ញប្បទាន ទៅតាមតម្រូវការសហគមន៏កសិកម្មទំនើប ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា តាមរយៈការផ្តល់កម្ចីទៅសហគមន៍កសិកម្មទំនើបនៅក្នុងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌអនុគ្រោះ មិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖ “មកដល់ថ្ងៃនេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជាង ១៥០០​លានដុល្លារ និងសម្រេចបានកំណើនចំនួនប្រាក់កម្ចីជាង ៩០០ លានដុល្លារ ហើយក្នុងនាមជាកូនខ្មែរមួយរូប មានបេះដូងជាខ្មែរ ធនាគារ ជីប ម៉ុង មានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការផ្តល់កម្ចីទៅសហគមន៍កសិកម្មទំនើប ជាមួយនឹងការប្រឹក្សាកម្ចីដែលអាចជួយជ្រោមជ្រែងបន្ថែមដើម្បីឱ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែរីកចម្រើន និងខ្លាំង។”

អ្នកឧកញ៉ាមានប្រសាសន៍បន្តថា៖”ធនាគារ ជីប ម៉ុង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវសេវាកម្ចីដែលមានភាពរហ័ស និងទាន់ពេលវេលា ហើយក៏មាននូវមន្រ្តីឥណទានជាច្រើននាក់ នៅទូទាំង២៥រាជធានី ខេត្ត ដែលអាចចុះទៅជួបពិភាក្សាជាមួយអតិថិជនផ្ទាល់ដល់ទីកន្លែងដើម្បីឱ្យការប្រើប្រាស់កម្ចីគឺប្រើបានចំគោលដៅនិងទទួលបានភាពរីកចម្រើន។”

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះ គឺជាផ្នែកមួយដ៏សំខាន់ដែលធនាគារ ជីប ម៉ុង នឹងចូលរួមជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ហើយក៏សូមស្វាគមន៍ធនាគារ ជីប ម៉ុង ក្នុងការក្លាយជាធនាគារដៃគូមួយទៀតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្ងៃនេះខ្ញុំ និងសហការីទាំងអស់ជាថ្នាក់ដឹកនាំនៃក្រសួង គឺពិតជាមានការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់ធនាគារ ជីប ម៉ុង ក្នុងការចូលរួមចំណែកនៅក្នុងវិស័យកសិកម្មយើង។”

អំពីធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ ធនាគារ ជីប ម៉ុង មានមន្ត្រីឥណទាននៅគ្រប់ខេត្តក្រុង ដែលចាំជួយផ្ដល់ការពិភាក្សា និងផ្ដល់សេវាកម្ចីដល់ទីកន្លែងផ្ទាល់ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ស្របទៅតាមចក្ខុវិស័យច្បាស់លាស់របស់ខ្លួន គឺធ្វើយ៉ាងណាផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសផ្ដល់សេវាធនាគារឱ្យកាន់តែកៀកជិតអតិថិជន។ ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង ប្តេជ្ញាផ្ដល់ជូននូវសេវាធនាគារ ដែលងាយស្រួលប្រើប្រាស់ ផ្តល់ផលចំណេញ ជាពិសេសសុវត្ថិភាព ជូនទៅដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ទូទាំងប្រទេស ដើម្បីឆ្ពោះទៅរកភាពជោគជ័យ រីកចម្រើនយូរអង្វែងទៅមុខទាំងអស់គ្នា។ ​សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន២៤ម៉ោង៖ 081 811 911 ឬ 066 811 911។