យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសវេណេស៊ុយអេឡា កំពុងស្ថិតនៅក្នុងការពិចារណាថាតើគួរត្រូវចាកចេញពីអង្គការប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក (OPEC) ដែរឬអត់។

យ៉ាងណាមិញ ប្រសិនបើរឿងនេះកើតឡើង វានឹងជាការវាយប្រហារមួយផ្សេងទៀតចំពោះ OPEC បន្ទាប់ពីការចាកចេញរបស់ប្រទេសរ៉ាប់រួម (UAE) កាលពីក្នុងខែឧសភាកន្លងទៅ។
ហើយមិនតែប៉ុណ្ណោះ វាក៏នឹងក្លាយការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសនៅអាមេរិកខាងត្បូង បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំនេះ និងបានដាក់ការគ្រប់គ្រងលើការលក់ប្រេងរបស់ប្រទេស។ បច្ចុប្បន្នប្រទេសវេណេស៊ុយអេឡា មានទុនបំរុងប្រេងឆៅធំជាងគេបំផុតរបស់ពិភពលោក។
គួរឲ្យដឹងថា វេណេស៊ុយអេឡាបានបរាជ័យក្នុងការបំពេញតាមកូតាផលិតកម្ម OPEC របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែខ្វះការវិនិយោគ នៅក្នុងឧស្សាហកម្មប្រេង។ សហរដ្ឋអាមេរិក ក៏មានជម្លោះដ៏យូរអង្វែងជាមួយ OPEC ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពពី Bloomberg ក៏បានបញ្ជាក់ផងដែរថា នេះគ្រាន់តែជាបញ្ហាដែលកំពុងត្រូវបានពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ ប្រទេសវេណេស៊ុយអេឡា គឺជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំងប្រាំ ដែលបានបង្កើតអង្គការ OPEC ជាលើកដំបូង ក្នុងឆ្នាំ១៩៦០ នៅទីក្រុងបាកដាដ រួមជាមួយប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត។
តួលេខចុងក្រោយបំផុតបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ ទុនបម្រុងប្រេងរបស់ប្រទេសវេណេស៊ុយអេឡា មានចំនួន ៣០៣ ពាន់លានបារ៉ែល ឬស្មើនឹង ១៧% នៃចំនួនសរុបទូទាំងពិភពលោក។ តួលេខនេះ គឺធំជាងទុនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមានផលិតកម្មឈានមុខគេក្នុងអង្គការ OPEC ដែលមានចំនួន ២៦៧ ពាន់លានបារ៉ែលផងដែរ៕

