សិង្ហបុរី កត់ត្រាចំនួនបិទអាជីវកម្មជិត ៤ ម៉ឺនកន្លែង ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ

អន្តរជាតិ

សិង្ហបុរី ដែលជាប្រទេសកំពូលរបស់អាស៊ីទាក់ទងនឹងផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ បានកត់ត្រាពីចំនួននៃការបិទអាជីវកម្មសរុបជាង ៣៨ ១០០ ក្នុងរយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើង ១២,៨% ធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលជាមួយគ្នានេះ អាជីវកម្មថ្មីៗចំនួន ៤៩ ៣០៥ ត្រូវបានចុះបញ្ជី គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ដោយវិស័យព័ត៌មាន និងទំនាក់ទំនងកត់ត្រាការកើនឡើងខ្លាំងបំផុតនៃការបើកអាជីវកម្មថ្មី។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរគណនេយ្យ និងនិយតកម្មសាជីវកម្មសិង្ហបុរី។

យ៉ាងណាមិញជុំវិញការកើនឡើងពាក់ព័ន្ធទៅនឹងការបិទអាជីវកម្មនេះ​ ភាគច្រើនកើតឡើងនៅក្នុងវិស័យសំណង់ ដោយក្នុងនោះអាជីវកម្មសំណង់សរុបចំនួន ២ ១២៧ ត្រូវបានបិទក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ដែលជាការកើនឡើងជិត ៤៧% ធៀបនឹងឆ្នាំ២០២៥។ ហើយបើតាមរបាយការណ៍មួយចំនួន បានបង្ហាញថា ក្រុមហ៊ុនសំណង់ភាគច្រើនត្រូវបានបានក្ស័យធន ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតបានបិទទ្វារ ដោយសារតែសម្ពាធថ្លៃដើមខ្ពស់។

គួរជម្រាបជូនផងដែរថា វិស័យម្ហូបអាហារ និងភេសជ្ជៈ គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតបន្ទាប់ ដោយមានការបិទទ្វារកើនឡើង ២៥,១% ដល់ ២ ១០១ កន្លែង។ ក្នុងពេលជាមួយគ្នានេះ អាជីវកម្មអាហារ និងភេសជ្ជៈថ្មីៗ ចំនួន ២ ៥៩៤ ត្រូវបានចុះបញ្ជីផងដែរ៕​