សិង្ហបុរី ដាក់ដេញថ្លៃលក់ផ្ទះ និងទំនិញប្រណីតៗដែលរឹបអូសបានពីសំណុំរឿងលាងលុយជាង ២ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំលក់អចលនទ្រព្យជាង ៨០ និងវត្ថុប្រណីតៗជាង ១ ០០០ផ្សេងទៀត ដែលត្រូវបានរឹបអូសក្នុងករណីលាងលុយកខ្វក់ចំនួន ៣ពាន់លានដុល្លារសិង្ហបុរី (២,៤ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុន Deloitte Singapore ដែលត្រូវបានចាត់តាំងដោយស្ថាប័នប៉ូលីសសិង្ហបុរី ក្នុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីគ្រប់គ្រង និងរំលាយទ្រព្យសម្បត្តិដែលមិនមែនជាសាច់ប្រាក់ដែលត្រូវបានរឹបអូសទាំងនោះ នឹងត្រូវដាក់លក់ជាដំណាក់កាល ចាប់ពីខែកញ្ញា ដល់ពាក់កណ្តាលឆ្នាំ២០២៧។

យ៉ាងណាមិញ ទ្រព្យសម្បត្តិទាំងនោះ រួមមានអចលនទ្រព្យប្រណីតៗដែលភ្ជាប់ទៅនឹងបណ្តាញលាងលុយកខ្វក់។ ក្នុងប្រតិបត្តិការបង្រ្កាបនោះ អាជ្ញាធរ បានរឹបអូសអចលនទ្រព្យសរុបជាង ២០០ រួមទាំងផ្ទះនៅតំបន់សំខាន់ៗដូចជាផ្លូវ Orchard និង Sentosa ផងដែរ។

គួរឲ្យដឹងថា ការដេញថ្លៃពីរលើកដំបូង ត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី៧ ខែកញ្ញា ដោយក្នុងនោះរួមមានទាំងទំនិញប្រណីតៗ ដូចជាកាបូប នាឡិកាដៃ និងគ្រឿងអលង្ការថ្លៃៗផងដែរ។

ជម្រាបជូនថា ការលក់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការទាមទារយកទ្រព្យសម្បត្តិមកវិញពីករណីលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី ដែលបានលេចចេញជារូបរាង បន្ទាប់ពីការឆ្មក់ចូលរបស់ប៉ូលីសនៅទូទាំងប្រទេស កាលពីថ្ងៃនៅ១៥ ខែសីហា ឆ្នាំ២០២៣ មក៕​