ប្រធានាធិបតីលោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ បាននិយាយថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការណាតូ ដើម្បីជាថ្នូរទៅនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជំនួសវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

នៅក្នុងការផ្តល់បទសម្ភាសមួយនៅប្រព័ន្ធអ៊ីនធើណិត លោក Zelensky បាននិយាយថា ៖”តាំងពីដើមដំបូងមក បំណងប្រាថ្នារបស់អ៊ុយក្រែនគឺចង់ចូលរួមជាមួយណាតូ ដែលផ្តល់នូវការធានាបានសន្តិសុខពិតប្រាកដ។ ប៉ុន្តែដៃគូមួយចំនួនមកពីសហសរដ្ឋអាមេរិក និងអឺរ៉ុប មិនបានគាំទ្រមាគ៌ានេះឡើយ”។
ជុំវិញបញ្ហានេះ លោក Zelensky បានសង្កត់ធ្ងន់ទៀតថា ការធានាសន្តិសុខពីសហរដ្ឋអាមេរិក អឺរ៉ុប និងដៃគូផ្សេងទៀត អាចជាជម្រើសដ៏សំខាន់មួយ ជំនួសឲ្យការក្លាយជាសមាជិកណាតូ។
ជម្រាបជូនផងដែរថា នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងជំហររបស់អ៊ុយក្រែន ក៏ដូចជាការបំពេញតាមគោលបំណងមួយរបស់រុស្ស៊ី ក្នុងការចាប់ផ្តើមប្រតិបត្តិការពិសេស។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងមុនពេលដំណើររបស់លោក Zelensky ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួបជាមួយប្រេសិតអាមេរិក និងមេដឹកនាំអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ផែនការសន្តិភាពដែលបានផ្សព្វផ្សាយដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ៕

