កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងតំបន់ឱ្យកាន់តែប្រសើរថែមទៀត។ជំនួបនេះ ធ្វើឡើងកាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ជា វុទ្ធី បានកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមាន។ ដូច្នេះ កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ចសហប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។

ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងអាស៊ាន និងចិន កំណើននៃទំហំពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើននៃការវិនិយោគចិននៅកម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀត គឺការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគជួយឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។

ទន្ទឹមនេះ លោកអគ្គលេខាធិការបានជម្រាបជូនអង្គពិធីថា ដើម្បីឱ្យការវិនិយោគរយៈពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។

តាមរយៈកិច្ចប្រជុំខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏សូមអំពាវនាវដល់ធុរជន និងវិនិយោគិនបន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក៕អត្ថបទ៖ហ្សាលីន