ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអង្គភាពនៃក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។នេះបើជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោកស្រី Chin Yin Ong ប្រធានផ្នែកលើកកម្ពស់សមត្ថភាពអង្គភាព នៃក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី ក្នុងឱកាសដែលលោកស្រីកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ជំនួបនេះ ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង បច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុន និងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយយានយន្តអគ្គិសនី (EV), ការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី, និងការចូលរួមចំណែករបស់ក្រុមហ៊ុន Grab ចំពោះបទប្បញ្ញត្តិស្តីពីការកំណត់តម្លៃសេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទដៃ នាពេលខាងមុខ។
បន្ថែមលើការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើប្រធានបទខាងលើ លោកស្រី Ong ក៏បានយកឱកាសនេះគោរពស្នើសុំអនុសាសន៍ និងការណែនាំបន្ថែមទៀតពី លោកឧបនាយករដ្ឋមន្ត្រី ដើម្បីបានជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពអាជីវកម្មរបស់ Grab នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្នុងនោះ ផែនការសកម្មភាពសំខាន់ៗដែលបានលើកឡើង រួមមាន៖ ១.ការសិក្សានិងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុក, ២.ការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព បង្កើនជំនាញបន្ថែម និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ក្រុមអ្នកបើកបរ (Drivers) និងដៃគូពាណិជ្ជករ/អាជីវករ (Merchants) របស់ក្រុមហ៊ុន ឱ្យកាន់តែមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ, និង ៣.ការរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជា តាមរយៈការរិះរកនូវយុទ្ធសាស្រ្តទីផ្សារថ្មីៗ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍វត្តមានរបស់ លោកស្រី Ong ព្រមទាំងប្រតិភូអមដំណើរ ក្នុងពេលទស្សនិច្ចនៅកម្ពុជា។ លោក ក៏គាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គំនិតផ្តួចផ្តើម និងផែនការសកម្មភាពសំខាន់ៗដែលក្រុមហ៊ុន Grab បានលើកឡើង ដោយបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
តាមរយៈជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀត អំពីជំហរយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបោសសម្អាតលុបបំបាត់ និងប្រយុទ្ធប្រឆាំងដាច់ខាតលើរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានានូវបរិស្ថានវិនិយោគដែលមានសុវត្ថិភាព ទំនុកចិត្ត និងការការពារសិទ្ធិផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ហ្សាលីន

