តម្លៃមាសសកលបានធ្លាក់ចុះអស់ជាង ១០០ដុល្លារក្នុងមួយអោនស៍ នៅក្នុងការជួញដូរចុងក្រោយ ដែលឥឡូវនេះស្ថិតនៅប្រមាណ ៤ ៣០០ដុល្លារ ដែលជាកម្រិតដ៏ទាបបំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរ នៅថ្ងៃទី១ ខែកញ្ញា តម្លៃមាសបានធ្លាក់ចុះ ១១៩ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ៣២៧ដុល្លារក្នុងមួយអោនស៍។ នេះជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី១៩ ខែសីហាមក។
យ៉ាងណាមិញ ជុំវិញការប្រែប្រួលតម្លៃមាសដ៏ឆាប់រហ័សនេះ បានកើតឡើង បន្ទាប់ពីទិន្នផលមូលបត្ររដ្ឋាភិបាលអាមេរិកបានកើនឡើង ស្របពេលប្រាក់ដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ។
នៅថ្ងៃទី១ ខែកញ្ញា ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែមករា ឆ្នាំ២០២៥ មក។ នេះគឺបណ្តាលមកពីភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាដែលបានជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងបង្កឱ្យមានការលក់មូលបត្របំណុលទូទាំងពិភពលោក។
គួរជម្រាបជូនថា បើទោះបីជាមាសត្រូវបានចាត់ទុកថាជាទ្រព្យដ៏សំខាន់សម្រាប់ការពារប្រឆាំងនឹងអតិផរណាក៏ដោយ ការកើនឡើងអត្រាការប្រាក់ជារឿយៗដាក់សម្ពាធលើលោហៈដ៏មានតម្លៃនេះ ព្រោះវាបង្កើនថ្លៃដើមឱកាសនៃការកាន់កាប់មាស។ ហើយមិនតែប៉ុណ្ណោះ ការកើនឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី១ ខែកញ្ញា ក៏បានធ្វើឱ្យមាសមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញនៅខាងក្រៅសហរដ្ឋអាមេរិកផងដែរ៕

