លោក ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចាត់ទុកថា ចំនួនអ្នកជាប់និទ្ទេសខ្ពស់ ក៏ជាសក្ខីភាពបញ្ជាក់ពីការលើកទឹកចិត្តពីភាគីពាក់ព័ន ជាពិសេសមាតាបិតា ដែលបានជំរុញ តាមដាន និងផ្តល់កម្លាំងចិត្តដល់កូនៗ។

ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានបេក្ខជនចំនួន ៥០២៨នាក់ បានជាប់ និង៣១នាក់(ស្រី២២នាក់) ទទួលបាននិទ្ទេសA។
នាឱកាសនោះ លោក ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្វីត្បិតលទ្ធផលបេក្ខជនប្រឡងទទួលបាននិទ្ទេសAបានត្រឹមតែ៣១នាក់ ថយជាងឆ្នាំ២០២៥ ដែលមានរហូតដល់ទៅ ៧៩នាក់ តែចំនួនអ្នកជាប់ក្នុងការប្រឡងគឺមានចំនួនច្រើនលើសលុប ដែលគិតជាភាគរយរហូតដល់ទៅជិត៩០%។

លោកអភិបាលខេត្ត ក៏បានចាត់ទុកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលមានសិស្សជាប់ច្រើន គឺបានបង្ហាញពីការខិតខំប្រឹងប្រែង និងការកែលម្អគុណភាពនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងខេត្តផងដែរ។ បន្ថែមពីនេះក៏បានពីកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជននិងកីឡា ផងដែរ ក្នុងការធានាការប្រឡងប្រព្រឹត្តទៅដោយរលូននិងស្របតាមគោលការណ៍(អ្នកចេះគឺជាប់)។
មួយវិញទៀត លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមដែរថា ចំនួនអ្នកជាប់និទ្ទេសខ្ពស់ក៏ជាសក្ខីភាពបញ្ជាក់ពីការលើកទឹកចិត្ត ការពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ពិសេសមាតាបិតា ដែលបានជំរុញ តាមដាន និងផ្តល់កម្លាំងចិត្តដល់កូនៗ។ ដូចអ្វីដែលបានសន្យា អ្នកដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦ នឹងទទួលបានការលើកទឹកចិត្តពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ហ្សាលីន

