អ្នកឧកញ៉ា គួច ម៉េងលី៖ ជាប់ឬធ្លាក់បាក់ឌុប គ្រាន់ជាជំពូក១នៃជីវិត តែដើម្បីបន្តដំណើរទៅមុខទៀត គួរត្រៀមខ្លួនអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះថា លទ្ធផលនៃការប្រឡងបាក់ឌុប មិនថាលទ្ធផលចេញមកជាប់ ឬធ្លាក់នោះទេ គឺវាគ្រាន់តែជាការចាប់ផ្ដើមជំពូកទី១ ក្នុងចំណោមរាប់រយជំពូកនៃជីវិតរបស់យើងប៉ុណ្ណោះ។ ដើម្បីរៀបចំខ្លួនបន្តដំណើរទៅមុខទៀត អ្នកឧកញ៉ាបានផ្តល់អនុសាសន៍សំខាន់ៗជាច្រើនសម្រាប់សិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាដំបូង សិស្សានុសិស្សត្រូវធ្វើការស្រាវជ្រាវអំពីគ្រឹះស្ថានសិក្សាឱ្យបានច្បាស់លាស់ ថាតើគួរជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យដើម្បីយកបរិញ្ញាបត្រ ចូលរៀននៅវិទ្យាស្ថាន TVET យកបរិញ្ញាបត្រជំនាញ ឬក៏រៀនវគ្គវិជ្ជាជីវៈផ្សេងៗ។ បច្ចុប្បន្ន ប្រទេសកម្ពុជាមិនបានផ្ដោតតែលើសាកលវិទ្យាល័យមួយមុខនោះទេ ពីព្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាត្រូវការកម្លាំងពលកម្មផ្នែកជំនាញវិជ្ជាជីវៈរហូតដល់ជិត ៦០% ទៅហើយ។ ដូច្នេះ ការជ្រើសរើសជំនាញសិក្សា មិនថានៅសាកលវិទ្យាល័យ ឬនៅវិទ្យាស្ថាន TVET ឡើយ គឺត្រូវជ្រើសរើសជំនាញណាដែលឆ្លើយតបនឹងអនាគត និងតម្រូវការទីផ្សារការងារជាក់ស្តែង ដោយមិនត្រូវរៀនតាមតែចំណង់ចំណូលចិត្តមួយពេលនោះទេ។

ចំណុចបន្តទៀត សម្រាប់សិស្សដែលមានការខ្វះខាតផ្នែកថវិកា គឺត្រូវខិតខំស្វែងរកអាហារូបករណ៍ ដែលបច្ចុប្បន្នមានប្រភពយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងពីរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសប្បុរសជននានា។ ទន្ទឹមនឹងនេះ សិស្សក៏ត្រូវគណនា និងប្រៀបធៀបថ្លៃសិក្សា រវាងការរៀននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដោយត្រូវសិក្សាអំពីការចំណាយលើការរស់នៅប្រចាំថ្ងៃឱ្យបានល្អិតល្អន់ ប្រសិនបើត្រូវមកសិក្សានៅរាជធានីភ្នំពេញ។

ជាចុងក្រោយ អ្នកឧកញ៉ាក៏បានគូសបញ្ជាក់ដែរថា បន្ទាប់ពីប្រឡងជាប់ សិស្សមិនចាំបាច់ត្រូវចូលរៀននៅមហាវិទ្យាល័យភ្លាមៗនោះទេ ប្រសិនបើស្ថានភាពជីវភាពមិនទាន់អំណោយផល។ សិស្សអាចជ្រើសរើសទៅធ្វើការងារពេញម៉ោង ឬធ្វើការងារ Part-time មួយរយៈសិន ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង និងបង្កើតឱកាសសម្រាប់បន្តការសិក្សានៅថ្ងៃខាងមុខ៕