សមាគមឧកញ៉ាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនសមាជិក និងក្រុមហ៊ុនជាដៃគូ ដើម្បីពង្រឹងភាពជាដៃគូ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនសមាជិក

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ សមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) ជាមួយបណ្តាក្រុមហ៊ុនចំនួន ១០ ដែលក្នុងនោះរួមមានក្រុមហ៊ុនរបស់សមាជិកសមាគម និងក្រុមហ៊ុនជាដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សមាជិក និងសមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកសមាគម ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនទាំង ១០។ ក្នុងឱកាសនេះ លោកអ្នកឧកញ៉ាប្រធានបានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ ធ្វើជាតំណាងសមាគមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនទាំង ១០។

ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគម និងដៃគូក្នុងវិស័យឯកជន ព្រមទាំងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនដល់ សមាជិក គ្រួសារសមាជិក បុគ្គលិករបស់សមាជិក និងបុគ្គលិករបស់សមាគម។ កិច្ចសហប្រតិបត្តិការទាំងនេះក៏នឹងជួយពង្រីកបណ្តាញសេវាកម្ម និងឱកាសដែលអាចផ្តល់តម្លៃបន្ថែមដល់សហគមន៍សមាគមផងដែរ។

ការចុះអនុស្សរណៈនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការពង្រឹងការបង្កើតតម្លៃបន្ថែមជូនសមាជិក តាមរយៈការភ្ជាប់សមាជិកជាមួយសហគ្រាស និងដៃគូអាជីវកម្មដែលមានសក្តានុពល បង្កើតភាពជាដៃគូដែលអាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែង និងលើកកម្ពស់បរិយាកាសសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងចីរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុនចំនួន ១០ ដែលបានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា រួមមាន៖

១. អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA)

២. មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital)

៣. មន្ទីរពហុព្យាបាល សុខ រក្សា (Sok Reaksa Polyclinic)

៤. ក្រុមហ៊ុន KH Haitech

៥. សាលាអន្តរជាតិ TIA International School

៦. សាលាអន្តរជាតិ Bromsgrove International School

៧. សាលាអាមេរិកាំង ហ្គោលឌិនហ្គេត (Golden Gate American School)

៨. ក្រុមហ៊ុន Professional Trader Cambodia

៩. ក្រុមហ៊ុន FSC KH Solutions

១០. ក្រុមហ៊ុន CAMKO Motor Company Ltd.

ព័ត៌មានអំពីក្រុមហ៊ុនទាំង ១០៖

១. អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA)

អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដ៏ធំ និងទំនើបបំផុតមួយរបស់កម្ពុជានេះស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញលើផ្ទៃដីប្រមាណ ២,៦០០ហិកតា ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ TIA ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ ស្ថានីយ៍អ្នកដំណើរអាកាសដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនា និងគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីល្បាញលើពិភពលោក Foster + Partners ដោយបញ្ចូលគ្នាយ៉ាងប្រណីតនូវបច្ចេកវិទ្យា ទំនើប ធម្មជាតិបៃតង និងរចនាបថវប្បធម៌ខ្មែរ។ ក្នុងនាមជាអាកាសយានដ្ឋានលំដាប់4F, TIAមានសមត្ថភាពទទួលយន្តហោះដឹកអ្នកដំណើរខ្នាតធំ និងរយៈចម្ងាយឆ្ងាយដូចជា Airbus 0 និង Boeing 747/777។ ក្នុងដំណាក់កាលទី១ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣–១៥ លាននាក់ក្នុងមួយឆ្នាំហើយមានផែនការពង្រីកសមត្ថភាពដល់ ៣០លាននាក់ក្នុងមួយឆ្នាំនៅដំណាក់កាលទី២ និងរហូតដល់ ៥០លាននាក់ក្នុងមួយឆ្នាំនៅពេលអាកាសយានដ្ឋានត្រូវបានអភិវឌ្ឍពេញលេញ។

២. មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital)

មន្ទីរពេទ្យអ៊ីនធ័រឃែរត្រូវបានបង្កើតឡើងនាឆ្នាំ២០២០ ដោយចាប់ផ្តើមជាគ្លីនិកព្យាបាលជំងឺទូទៅនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យា និងបានផ្តោតសំខាន់លើការផ្តល់សេវាថែទាំសុខភាពទៅតាមស្តង់ដារអន្តរជាតិប្រកបដោយគុណភាពដល់ប្រជាជនកម្ពុជា។ មន្ទីរពេទ្យនេះ បានវិវត្តន៍ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមពោលគឺបានចាប់ផ្តើមពីសេវាពិគ្រោះក្រៅ និងព្យាបាលជំងឺទូទៅ ហើយបានពង្រីកសេវាដោយបន្ថែមនូវសេវាមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ, សេវាសម្រាកព្យាបាល (Inpatient), សេវាសម្ភព, សេវាថែទាំសម្ផស្សនិងសេវាសង្គ្រោះបន្ទាន់២៤ម៉ោង, បន្ទប់វះកាត់, មជ្ឈមណ្ឌលពិនិត្យសុខភាពសម្រាប់ការស្នើសុំទិដ្ឋាការអូស្ត្រាលី និងសេវាចល័តផ្នែកវេជ្ជសាស្ត្រដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ និងស្ថាប័ននានា, សេវាសុខភាពកុមារ តាមរយៈការបង្កើត Child Wellbeing Center និងពង្រីកបណ្តាញសេវា Intercare Express ទៅកាន់ Rose Garden ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ទំនើបដើម្បីបង្កើនសមត្ថភាពក្នុងការផ្តល់ការថែទាំបន្ទាន់ និងមានប្រសិទ្ធភាពសម្រាប់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះ ចាប់ពីឆ្នាំ២០២៥ មន្ទីរពេទ្យអ៊ីនធ័រឃែរបានពង្រីកបណ្តាញ និងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការបើក Intercare Express នៅអាកាសយានដ្ឋាន- អន្តរជាតិតេជោ  ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពចាំបាច់សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងបានបោះជំហានថ្មីដោយបាននាំឱ្យអ៊ីនធ័រឃែរពង្រីកសេវារបស់ខ្លួនទៅកាន់មជ្ឈមណ្ឌលវេជ្ជ-សាស្ត្រអ៊ីនធ័រឃែរ ខេត្តសៀមរាបដោយបន្តបេសកកម្មក្នុងការនាំយកសេវាថែទាំសុខភាពដែលមានគុណភាព និង ស្តង់ដារអន្តរជាតិ ឱ្យកាន់តែខិតជិតប្រជាជនកម្ពុជា។

៣. មន្ទីរពហុព្យាបាល សុខ រក្សា (Sok Reaksa Polyclinic)

មន្ទីរពហុព្យាបាល សុខ រក្សា ជាមន្ទីរពហុព្យាបាលដែលផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដោយយកចិត្តទុកដាក់ខ្ពស់លើ គុណភាព សុវត្ថិភាព និងទំនុកចិត្តរបស់អ្នកជំងឺ។ សុខ រក្សា ផ្តោតជាពិសេសលើការព្យាបាល ជំងឺប្រព័ន្ធរំលាយអាហារ និងការឆ្លុះក្រពះពោះវៀន, ជំងឺមហារីក និងជំងឺឈាម ព្រមទាំងការវះកាត់ ដោយមានសេវាគាំទ្រសំខាន់ៗ រួមមាន ការថែទាំបែបសម្រន់ (Palliative Care), សង្គ្រោះបន្ទាន់ ២៤ម៉ោង, ICU, ការពិនិត្យសុខភាពទូទៅ និងសេវាថែទាំអ្នកជំងឺនៅផ្ទះ ដើម្បីធានាបាននូវការថែទាំប្រកបដោយគុណភាព និងបន្តគ្រប់ដំណាក់កាលនៃការព្យាបាល។

៤. ក្រុមហ៊ុន KH Haitech

KH Haitech-Haier Global Business ជាក្រុមហ៊ុនដែលរួមបញ្ចូលគ្នាដោយក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនអន្តរជាតិ Haitech-Haier Global Business តំណាងឱ្យបច្ចេកវិទ្យាស្តង់ដាអន្តរជាតិរបស់ក្រុមហ៊ុន Haier Group ដែលជាក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ១ លើសកលលោកផ្នែកផលិតគ្រឿងអេឡិចត្រូនិច។ ក្រុមហ៊ុនកំពុងសាងសង់រោងចក្រផលិតថេប្លេតម៉ាក «K Haitech» លើផ្ទៃដីប្រមាណ ៥ហិកតាស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផលិតផលដែលនឹងផលិតនៅកម្ពុជានេះត្រូវបានរំពឹងថានឹងផ្តល់ជាជម្រើសបច្ចេកវិទ្យាដែលមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ។

៥. សាលាអន្តរជាតិ TIA International School

TIA គឺជាសាលាអន្តរជាតិ Cambridge នៅកម្ពុជាដែលផ្តល់ការអប់រំចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ដោយមានទាំងកម្មវិធីអន្តរជាតិ និងកម្មវិធីអប់រំជាតិ។ TIA ប្តេជ្ញាផ្តល់មូលដ្ឋានសិក្សាដ៏រឹងមាំព្រមទាំងអភិវឌ្ឍសិស្សឱ្យមាន ការគិតបែបវិភាគ និងរិះគន់, ភាពច្នៃប្រឌិត, សមត្ថភាពទំនាក់ទំនង, ទំនុកចិត្ត, ភាពជាអ្នកដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហា។ តាមរយៈកម្មវិធីសិក្សាអន្តរជាតិ Cambridge សិស្សត្រូវបានត្រៀមខ្លួនសម្រាប់ការទទួលបានវិញ្ញាបនបត្រ និងគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិព្រមទាំងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ ជាមួយគ្នានេះ កម្មវិធីអប់រំជាតិដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ជូនគ្រួសារនូវជម្រើសអប់រំជាតិដែលមានស្តង់ដារ និងទំនុកចិត្ត។ TIA ក៏ជាមជ្ឈមណ្ឌលប្រឡង SAT ផ្លូវការ ដែលអាចជួយអោយសិស្សក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងចូលសាកលវិទ្យាល័យ និងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានាពេលអនាគត។

៦. សាលាអន្តរជាតិ Bromsgrove International School

សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា គឺជាសាលាដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ម៉ាក និងកម្មវិធីសិក្សាពីសាលា Bromsgrove នៅចក្រភពអង់គ្លេស។ សាលា Bromsgrove មានប្រវត្តិសាស្ត្រជិត ៥០០ ឆ្នាំ ក្នុងការផ្តល់សេវាអប់រំ និងការអភិវឌ្ឍកិច្ចការសិក្សាធិការ។ រហូតមកដល់បច្ចុប្បន្ន Bromsgrove បានពង្រីកសេវាអប់រំរបស់ខ្លួនទៅកាន់ប្រទេសមួយចំនួននៅអាស៊ី ព្រមទាំងមានសាលាដើមកំណើតនៅចក្រភពអង់គ្លេស។ សាលាផ្តល់សេវាអប់រំចំណោះទូទៅ (General Education Programme) ជូនសិស្សចាប់ពីថ្នាក់មត្តេយ្យកម្រិតទាប (Pre-nursery)  រហូតដល់ថ្នាក់មធ្យមសិក្សាឆ្នាំទី១៣​ កម្រិត A-Level ( Secondary Year 13, A-Level) ដែលមានកម្រិតអប់រំទៅតាមបទដ្ឋានអន្តរជាតិ។ មុខវិជ្ជាស្នូលទាំងអស់ ត្រូវបានបង្រៀនដោយគ្រូជនជាតិដើម (Native Teachers) ដែលមានសមត្ថភាព​ ជំនាញ និងបទពិសោធន៍សមស្រប។ ចំពោះការប្រឡងមានលក្ខណៈអន្តរជាតិដែលវិញ្ញាសាប្រលងទាំងអស់គឺរៀបចំមកពីចក្រភពអង់គ្លេសដោយផ្ទាល់។

៧. សាលាអាមេរិកាំងហ្គោលឌិនហ្គេត  (Golden Gate American School)

សាលាអាមេរិកាំង ហ្គោលឌិនហ្គេត (Golden Gate American School – GGAS) គឺជាគ្រឹះស្ថានអប់រំឯកជនដ៏ល្បីល្បាញមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។ សាលានេះផ្តល់ការអប់រំចាប់ពីកម្រិតមត្តេយ្យ (Early Years) រហូតដល់ថ្នាក់វិទ្យាល័យ (Grade 12)។ ចំពោះកម្មវិធីសិក្សាចម្បងៗរួមមាន៖ កម្មវិធីអន្តរជាតិ IB (IB World School) ដែលទទួលបានសិទ្ធិអនុវត្តកម្មវិធី IB ពេញលេញ (IB Continuum) ដែលរួមមាន PYP (បឋមសិក្សា), MYP (អនុវិទ្យាល័យ) និង DP (វិទ្យាល័យ), កម្មវិធីសិក្សាអាម៉េរិក (American Curriculum) & AP ដោយមានផ្តល់ជូនមុខវិជ្ជា Advanced Placement (AP) និងឱកាសទទួលបានសញ្ញាបត្រឌុប្លូមឌុប (Dual Diploma) សហការជាមួយគ្រឹះស្ថានអប់រំនៅសហរដ្ឋអាម៉េរិក, កម្មវិធីសិក្សាបីភាសា (Trilingual Track) ដោយបង្រៀនជាភាសាអង់គ្លេស ខ្មែរ និងចិន (Mandarin) ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកល ព្រមទាំងកម្មវិធីសិក្សាតាមក្រសួងអប់រំ យុវជន និងកីឡា សម្រាប់សិស្សដែលចង់បានសញ្ញាបត្រចំណេះទូទៅខ្មែរ។

៨. ក្រុមហ៊ុន Professional Trader Cambodia

ក្រុមហ៊ុនប្រឹហ្វេសិនណល ត្រេឌើរ ខេមបូឌា (Professional Trader (Cambodia) Co., LTD) ជាក្រុមហ៊ុនពហុវិស័យដោយផ្តោតលើការចែកចាយផលិតផលប្រេងម៉ាស៊ីន អចលនទ្រព្យ សេវាកម្មផ្លូវច្បាប់ សេវាប្រឹក្សាផ្នែកអជីវកម្ម សេវាកម្មស្ប៉ា និង ភោជនីយដ្ឋាន។ ក្រុមហ៊ុន Professional Trader (Cambodia) បានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតផលប្រេងម៉ាស៊ីនពីសម្ព័ន្ធក្រុមហ៊ុន ENEOS Corporation ដែលជាក្រុមហ៊ុន ថាមពលលំដាប់លេខ ១ នៅប្រទេសជប៉ុន។ សព្វថ្ងៃក្រុមហ៊ុនបាននឹងកំពុងចែកចាយទៅកាន់ ២៥ខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈតំណាងចែកចាយជាង ២,០០០កន្លែង។

៩. ក្រុមហ៊ុន FSC.KH Co., LTD

ក្រុមហ៊ុន FSC.KH Co., LTD ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៤ ជាក្រុមហ៊ុនក្នុងស្រុកដែលបានចុះបញ្ជីផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយ ឧកញ៉ា អាន ឌីណា ដែលជាពាណិជ្ជករដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា។ លោកគឺជាស្ថាបនិក អគ្គនាយក (CEO) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាច្រើនក្រោមបុត្រសម្ព័ន្ធ FSC Group ព្រមទាំងជាសមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្រុមហ៊ុនកំពុងវិនិយោគលើអាជីវកម្មដូចជា៖ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងដំណោះស្រាយ IT, ផលិតផលបច្ចេកវិទ្យា, គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់, ដំណោះស្រាយគ្រឿងសង្ហារឹមការិយាល័យ, វិស័យសំណង់, អចលនទ្រព្យ និងទេសចរណ៍។

១០. ក្រុមហ៊ុន CAMKO Motor Company Ltd

Camko Motor Company Ltd. (Hyundai Cambodia) បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ២០០៧ និងបានបង្កើតរោងចក្រដំឡើងរថយន្ត Hyundai នៅខេត្តកោះកុង ដែលជារោងចក្រដំឡើងរថយន្តដំបូងគេនៅកម្ពុជា។ នៅឆ្នាំ២០១៩ ក្រុមហ៊ុនបានលក់រថយន្តប្រមាណ ១,០០០គ្រឿងហើយបច្ចុប្បន្នមានបុគ្គលិកប្រមាណ ៧២៥នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនមានបណ្តាញប្រតិបត្តិការដូចជា៖ ទីស្នាក់ការកណ្តាលសែនសុខ, សាខាមុនីវង្ស City Store, មជ្ឈមណ្ឌលសេវាកម្ម និងឃ្លាំងស្តុករថយន្តសែនសុខ, សាខាខេត្តសៀមរាប និងរោងចក្រដំឡើងរថយន្តនៅខេត្តកោះកុង។