កម្ពុជា-ជប៉ុន ពិនិត្យស្ថានភាពនៃច្រាំង និងបាតទន្លេមេគង្គនៅតំបន់ស្ពានត្សឹបាសា​(ស្ពានអ្នកលឿង)

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំពិភាក្សាបច្ចេកទេសស្តីពីផលប៉ះពាល់ច្រាំងទន្លេមេគង្គ ដើម្បីពិនិត្យ និងពិភាក្សាពីស្ថានភាពនៃច្រាំង និងបាតទន្លេមេគង្គនៅតំបន់ស្ពានត្សឹបាសា(ស្ពានអ្នកលឿង)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំប្រទេសកម្ពុជា អ្នកជំនាញ JICA ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងអគ្គនាយកដ្ឋានបច្ចេកទេស តំណាងអគ្គនាយកដ្ឋានផ្លូវទឹក ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃច្រាំង និងបាតទន្លេមេគង្គនៅតំបន់ស្ពានត្សឹបាសា ព្រមទាំងវាយតម្លៃពីផលប៉ះពាល់ដែលអាចកើតមានចំពោះរចនាសម្ព័ន្ធស្ពាន។ ជាពិសេស កិច្ចប្រជុំបានផ្តោតលើការពិនិត្យការបាក់ច្រាំងទន្លេដែលបានកើតឡើង ការប្រែប្រួលកម្ពស់បាតទន្លេ និងហានិភ័យនៃការហូរច្រោះ (Scouring) នៅជុំវិញសសរស្ពាន។

កិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាអំពីការស្នើសុំកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងការផ្តល់អនុសាសន៍លើការសិក្សាលម្អិត ការកំណត់វិធានការការពារដែលសមស្រប ព្រមទាំងលទ្ធភាពនៃការគាំទ្រផ្នែកបច្ចេកទេស ក្នុងការអនុវត្តវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពរយៈពេលវែងរបស់ស្ពានត្សឹបាសា។

សូមជម្រាបដែរថា ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង ជាស្ពានវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា ស្ពានមានប្រវែង ២ ២១៥ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការកាលពី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។ តាមរយៈស្ពានដ៏វែងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញក្នុងប្រទេស ទេសចរណ៍ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ហ្សាលីន